កំពង់ឆ្នាំង៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) បានរៀបចំយុទ្ធនាការអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១០ ឆ្នាំ២០១៩ ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា” នៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចទាំង៤កន្លែង ដែលស្ថិតនៅក្នុងឃុំពាម ឃុំឈានឡើង និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ដើម្បីផ្សព្វផ្សាយអំពីសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការផ្សព្វផ្សាយសារអប់រំខ្លីៗ ការឆ្លើយសំណួរ និងការសម្តែងសកម្មភាពផ្តោតជាសំខាន់លើការប្រើប្រាស់បង្គន់អនាម័យ ការបរិភោគទឹកមានសុវត្ថិភាព និងការលាងសម្អាតដៃនឹងសាប៊ូ។
ការរៀបចំយុទ្ធនាការនេះគឺជាការរួមចំណែកក្នុងការជំរុញចលនាលើកកម្ពស់អនាម័យជនបទ ជាពិសេសក្នុងចំណោមសម្បទានិកដែលបានទទួលដីលំនៅឋាន និងដីកសិកម្មពីរាជរដ្ឋាភិបាល និងជាការរួមចំណែកក្នុងការធ្វើឱ្យសម្រេចនូវទស្សនៈវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថានៅឆ្នាំ២០២៥ “ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព”។
គម្រោង LASED II រៀបចំយុទ្ធនាការផ្សព្វផ្សាយអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទនេះនៅគ្រប់ទាំង១៤ទីតាំងដីសម្បទានសង្គមកិច្ចនៅក្នុងខេត្តគោលដៅទាំង៥រួមមាន ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងែទី៤ ខែធ្នូ ឆ្នាំ២០១៩។
បើយោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩
ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា។
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ គឺជាទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដ៏សំខាន់ក្នុងការដាស់តឿនឱ្យយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន និងសក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនៈវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថានៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។ ក្នុងរយ:ពេល១០ឆ្នាំនេះ ឃើញថាស្ថានភាពអនាម័យជនបទនៃប្រទេសកម្ពុជាយើងមានវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍។ បើយើងពិនិត្យមើលត្រឡប់ក្រោយនៅក្នុងឆ្នាំ២០១០ អត្រាអនាម័យជនបទនៃប្រទេសកម្ពុជាយើងមានត្រឹមតែ៣២% ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាពាក់ព័ន្ធនឹងស្ថានភាពអនាម័យជនបទនៅកម្ពុជានោះ អត្រាអនាម័យជនបទបានកើនឡើងរហូតដល់៧១,២%ជាអត្រាមួយដ៏ខ្ពស់ធ្វើឱ្យប្រទេសកម្ពុជាយើងប្រែក្លាយជាប្រទេស ដែលអនាម័យជនបទកាន់តែប្រសើរឡើងជាលំដាប់។វឌ្ឍនភាពជាវិជ្ជមាននៃស្ថានភាពអនាម័យជនបទនេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជាយើង។
សមិទ្ធផលនេះ បានកើតឡើងដោយសារការខិតខំយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមាន
ការចូលរួមយ៉ាងសកម្មពីសំណាក់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ជាពិសេសគឺការ
ភ្ញាក់រឭកផ្ទាល់របស់ប្រជាជនយើងនៅជនបទ ក្នុងការផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យ។ ខ្ញុំព្រះករុណា
ខ្ញុំសូមកោតសរសើរចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី ខេត្ត ដែលបានបង្កើតជាយន្តការសម្របសម្រួល និងដឹកនាំចលនាលើកកម្ពស់អនាម័យនៅក្នុងខេត្តសាមីរបស់ខ្លួន ព្រមទាំងកសាងផែនការសកម្មភាពខេត្ត ដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងអនាម័យ ដែលជាផែនទីតម្រង់.
ទិសក្នុងការដឹកនាំការងារនេះឱ្យមានភាពកាន់តែប្រសើរឡើងជាលំដាប់។
ជាមួយមោទនភាពនៃការរីកចម្រើននេះ យើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងទ្វេឡើងបន្ថែមទៀត
ក្នុងការងារលើកកម្ពស់អនាម័យជនបទ ដើម្បីសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល
នៅឆ្នាំ២០២៥។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាសូមលើកទឹកចិត្តឲ្យគ្រប់បណ្តាផ្នែកពាក់ព័ន្ធត្រូវបន្តនូវកិច្ចសហប្រតិបត្តិការបង្កើនការខិតខំពនឿនអនាម័យជនបទ ក្រោមពាក្យស្លោក “អនាម័យសម្រាប់ទាំងអស់គ្នា” ដើម្បីធានាបាននូវសុខភាព ភាពស្អាត និងសេចក្តីថ្លៃថ្នូរ សម្រាប់ប្រទេសជាតិយើង។ ដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទឱ្យកាន់តែមានភាពជឿនលឿនបន្ថែមទៀត ខ្ញុំព្រះករុណាខ្ញុំ សូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោមនេះ៖
ទី១ សូមផ្តល់ជាអាទិភាព និងបង្កើនភាពជាម្ចាស់ក្នុងការដឹកនាំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កៀរគរធនធាន និងពិនិត្យដោះស្រាយកត្តារាំងស្ទះទាំងឡាយ ដើម្បីបង្កើន និងពនឿនការលើកកម្ពស់អនាម័យនៅជនបទ។
ទី២ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលតំបន់ដែលមានបរិស្ថានប្រឈម ហើយត្រូវរិះរកគ្រប់មធ្យោបាយ
បច្ចេកទេស ធនធាន ដើម្បីកែលម្អ និងបង្កើនស្ថានភាពអនាម័យក្នុងតំបន់ទាំងនេះ។
ទី៣ ត្រូវយកចិត្តទុកដាក់ចំពោះការលើកកម្ពស់អនាម័យសម្រាប់ក្រុមជនងាយរងគ្រោះ ដូចជាជនពិការ ស្ត្រីមានផ្ទៃពោះ ជនក្រីក្រជាដើម ដើម្បីធានាបាននូវគោលការណ៍សមធម៌ និងបរិយាប័ន។
ទី៤ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការគាំទ្រ និងចូលរួមតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដើម្បីជំរុញការលើកកម្ពស់អនាម័យតាមសមត្ថកិច្ចការងាររបស់ខ្លួន។
ទី៥ គ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងកាកសំណល់លាមក ដើម្បីធានាបានថាពុំមានការធ្វើឲ្យកខ្វក់ដល់បរិស្ថាន ។
ទី៦ លើកទឹកចិត្តកម្មករ កម្មការនីឱ្យចូលរួមលើកកម្ពស់អនាម័យក្នុងក្រុមគ្រួសារតាមរយ:ការចែករំលែកប្រាក់ចំណូលក្នុងការសង់បង្គន់អនាម័យតាមគ្រួសាររបស់ខ្លួន៕ ដោយ៖បញ្ញាស័ក្តិ