ហ្វីលីពីន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ (U22) ដែលទទួលបានជ័យជម្នះលើកក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល៥-០ ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម (SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរសារតាមរយៈ Facebook នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកានេះថា សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។ អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។
សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាបានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ដើម្បីឡើងឈរកំពូលតារាងពូល A ។
ការប្រកួតទី២ ក្នុងពូលនេះ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អនៅតង់ទី១ ពិសេសដើមវគ្គ ដោយកីឡាករ ស៊ិន កក្កដា បានបំប៉ោងសំណាញ់ទីក្រុម U22 ទីម័រខាងកើត ១គ្រាប់មុន នៅនាទីទី៨។ បន្ទាប់ពីកម្ពុជា បានបន្ដដាក់សម្ពាធ តែមិនអាចរកគ្រាប់បាល់បន្ថែមនោះទេ ។ លុះចូលតង់ទី២ ក្រុម U22 កម្ពុជា បានបន្ដដាក់សម្ពាធកាន់តែខ្លាំង រហូតរកបាន ៤គ្រាប់បន្ថែមទៀត ដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៧០ និងនាទី ៩០+២, សៀង ចន្ធា នៅនាទី៧៨ និង កែវ សុខផេង នៅនាទី៨២ ការទទួលបាន ៣ពិន្ទុថ្ងៃនេះ បានធ្វើឲ្យក្រុម U22 កម្ពុជា បានឡើងទៅឈរកំពូលតារាងពូល A បណ្ដោះអាសន្ន ដោយមាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ១ (ឈ្នះទីម័រខាងកើត) និងស្មើ១(ស្មើហ្វីលីពីន ១-១)។ ចំណែកក្រុម U22 មីយ៉ាន់ម៉ា ក៏មាន ៤ពិន្ទុស្មើកម្ពុជាដែរ ក្រោយពួកគេ យកឈ្នះក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន ២-១ កាលពីល្ងាចមិញ ហើយក៏ជាប្រកួតទី២ ក្នុងពូលរបស់ពួកគេដែរ ៕ ដោយ៖កូឡាប