ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រចំណាត់ការអនុវត្តច្បាប់រដ្ឋាភិបាលហុងកុង ដើម្បីការស្តារកោះហុងកុងឲ្យក្លាយជាទីស្រស់បំព្រងនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសារឡើវិញ ។ នេះបើតាមផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិ។
ប្រសាសន៍បញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្ងៃទី២៧ វិច្ឆិកានេះ គឺតបនឹងសំណួររបស់ក្រុមសារព័ត៌មានក្នុងស្រុកដែលចង់ដឹងអំពីប្រតិកម្មរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ជុំវិញចំណាត់ការរបស់នគរបាលហុងកុង ទៅលើបាតុករហិង្សាដែលបានបង្កការអុកឡុកបំផ្លាញទ្រព្យសម្បត្តិរដ្ឋនៅតាមមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា, បង្កសកម្មភាពរារាំងដំណើរការសេដ្ឋកិច្ចជាតិ និងឯកជនលើទឹកដីហុងកុង និងសកម្មភាពទាំងនោះថែមទាំងបានបន្លាចអ្នកវិនិយោគនានាឲ្យចាកចេញពីកោះហុងកុងថែមទៀតក្នុងអំពើចលាចលប្រមាណ៦ខែកន្លងមកនេះ។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យើងអត់ចង់ឃើញស្ថានការណ៍អាប់អួរប្រកបទៅដោយមហន្ដរាយបែបនេះទេ ។ ជាទស្សនៈ និងជាជំហររបស់យើងគឺ យើងគាំទ្រចំពោះរដ្ឋាភិបាលហុងកុង ក្នុងការចាត់វិធានការសមស្រប ដើម្បីអនុវត្ដវិធានការច្បាប់ ដើម្បីស្រោចស្រង់ និងដោះស្រាយសភាពការណ៍ដែលបានកើតឡើង និងកំពុងតែគំរាមកំហែងទីក្រុងហុងកុង រហូតដល់ថ្ងៃនេះ។ នេះគឺ ជាភាពចាំបាច់ដែលត្រូវដោះស្រាយ ដើម្បីស្ដារប្រក្រតីភាព ដើម្បីពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម នៅទីក្រុងហុងកុង ឱ្យបានល្អប្រសើរឡើងវិញ» ៕ ដោយ៖បញ្ញាស័ក្តិ