ប្រធានាធិបតីអាមេរិច បានប្រកាសការបើកចំហរឲ្យមានកិច្ចចរចារគ្នា រវាងអាមេរិច និងកូរ៉េខាងជើង។ ការប្រកាសនេះ ត្រូវលោកធ្វើឡើងក្នុងកំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន កាលពីថ្ងៃពុធម្សិលមិញនេះ។
ការប្រកាសពីបំណងចង់ចរចារជាមួយកូរ៉េខាងជើងរបស់ ដូណាល់ ត្រាំ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលតំណាងមកពីកូរ៉េខាងជើង និងខាងត្បូង បានធ្វើកិច្ចចរចាររយៈពេលមួយថ្ងៃ នៅតំបន់គ្មានកងទ័ព។
ជាលទ្ធផលនៃកិច្ចចរចារនោះ ទីក្រុងព្យុងយ៉ាង បានយល់ព្រម បញ្ជូនគណៈប្រតិភូកីឡាឲ្យទៅចូលរួមប្រកួតកីឡាអូឡាំពិចរដូវរងា ខែក្រោយនៅកូរ៉េខាងត្បូង និងធ្វើកិច្ចប្រជុំយោធាជាមួយកូរ៉េខាងត្បូង ដើម្បីលុបបំបាត់ភាពតានតឹងផ្នែកយោធា។
អ្នកនាំពាក្យសេតវិមានអាមេរិច Sarah Sanders បានថ្លែងនៅក្នុងសេចក្តីប្រកាសថា ក្នុងកំឡុងកិច្ចសន្ទនាគ្នា លោក ម៉ូន បានសង្ខេបប្រាប់លោក ត្រាំ ពីលទ្ធផលនៃកិច្ចពិភាក្សារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយលោក ម៉ូន ក៏បានអរគុណដល់លោកត្រាំ ផងដែរដោយសារតែឥទ្ធិពលរបស់លោក ទើបធ្វើឲ្យមានកិច្ចប្រជុំនោះកើតឡើង។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ប្រធានាធិបតី ត្រាំ បានប្រកាសពីការបើចំហរដើម្បីចរចារ រវាងអាមេរិច និងកូរ៉េខាងជើង ក្នុងពេលវេលាសមស្របណាមួយ និងស្ថិតក្នុងកាលៈទេសៈដ៏ត្រឹមត្រូវ។
មេដឹកនាំទាំងពីរ ក៏បានធ្វើការព្យាករណ៏ថា កិច្ចចរចាររវាងកូរ៉េទាំងពីរ អាចនឹងធ្វើឲ្យមានកិច្ចប្រជុំរវាងអាមេរិច និងកូរ៉េខាងជើង ដើម្បីសម្រេចបានគោលដៅគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ក្នុងកិច្ចសន្ទនានោះ លោក ត្រាំ ក៏បានថ្លែងបញ្ជាក់ដូច្នេះថា “ខ្ញុំសង្ឃឹមថា អ្នកប្រាប់ពួកគេឲ្យបានដឹងថា នឹងមិនមានវិធានការយោធាណាមួយកើតឡើងទេ ដរាបណាកិច្ចប្រជុំរវាងកូរ៉េខាងទាំងពីរនៅតែបន្ត”៕ សុភ័ក្ត្រ