ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី ២ កាលពីម្សិលមិញរួចហើយ នៅព្រឹកថ្ងៃទី១១មករានេះ លោ Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបន្តទស្សនកិច្ចនៅកម្ពុជា។
តាមកម្មវិធីព្រឹកនេះ គឺលោកនាយករដ្ឋមន្ត្រីចិន អញ្ជើញមកកាន់វិមានសន្តិភាព ដើម្បីជួបប្រជុំទ្វេភាគី ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ មុននឹងអញ្ជើញមកកាន់វិមានសន្តិភាព នៅព្រឹកនេះ លោក លី គឺឈាំង បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅព្រះបរមរូបព្រះរមរតនកោដ្ឋផងដែរ។
បន្ទាប់ពីជំនួបសំណេះសំណាលទ្វេភាគី និងកិច្ចប្រជុំចង្អៀតរួចហើយ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រឡាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះ ចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ទៅមាតុភូមិវិញ៕ ដោយ៖កូឡាប