ភ្នំពេញ៖ និស្សិតស្រីម្នាក់កំពុងអង្គុយលក់ដូរមុខផ្ទះ ត្រូវបុរសម្នាក់ចាប់រំលោភសេពសន្ថវៈបានសម្រេច ហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋព្រួតវាយបែកមុខម៉ាត់ ទើបហៅសមត្ថកិច្ចមកចាប់ខ្លួនភ្លាមៗផងដែរ។
កម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នេះ កាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃពុធទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ផ្ទះលេខ៦B ផ្លូវសុធារស ភូមិទី១ សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សួន ធា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅមិនពិតប្រាកដ (ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ដ អ ហ ណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅផ្ទះលេខ៦B ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដោយយោងតាមការបំភ្លឺពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុនោះនាង(នារីរងគ្រោះ)បាននៅលក់ដូរនៅខាងមុខផ្ទះរបស់ខ្លួនតែម្នាក់ឯង ខណៈនោះស្រាប់តែឃើញបុរសរូបនោះដើរសំដៅមក។ ជំហ៊ានដំបូងនាងស្មានតែគេមករកទិញអីវ៉ាន់ តែពេលដែលមកដល់ជិតនាង បុរសរូបនោះបានចាប់នាងអូសចូលក្នុងផ្ទះ រួចចាប់ផ្តើមចាប់សម្រាតខោ រួចរំលោភនាង និងព្រមទាំងគំរាមសម្លាប់ ហើយរំលោភរហូតបានសម្រេច។ គាប់ជួនពេលនោះបានម្តាយនាងមកដល់ឃើញពីសកម្មភាពបែបនេះ ក៏ស្រែកឆោឡោហៅអ្នកជិតខាងឲ្យមកជួយចាប់ជនសង្ស័យល្មោភកាមរូបនោះ ហើយក៏ហៅសមត្ថកិច្ចមកនាំខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ