ភ្នំពេញ៖ លោកគ្រូបង្រៀន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យព្រះកេតុមាលា និងកូនប្រុសអាយុ១១ឆ្នាំម្នាក់ទៀតបានរងរបួសស្រាល ខណៈបើកម៉ូតូដឹកកូនទៅសាលារៀន ហើយបានទាក់ដៃចង្កូតជាមួយរថយន្តក្រុង បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាល បណ្ដាលឲ្យបែកស្លាប់តែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយមន្ទីពេទ្យព្រះកេតុមាលា លើផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះខឹម ចាន់ដារា ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរគ្រូបង្រៀន (បានស្លាប់នៅមុន្ទីពេទ្យព្រះកេតុមាលា)ជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ1GB-4994 ភ្នំពេញ។ ចំណែករថយន្ដបង្កប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ២៥កៅអី ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ3D.9578 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ(ជាសព)បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៍ស ដឹកកូនប្រុសម្នាក់មានអាយុ១១ឆ្នាំ គោលបំណងទៅរៀននៅសាលាចតុមុខ ដោយធ្វើដំណើរតាមផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយរថយន្តក្រុងដឹកអ្នកដំណើរ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំពីលើក្បាលដែលគាត់ពាក់មួកការពារផងដែរនោះ បណ្ដាលឲ្យបែកមួករងរបួសធ្ងន់ ។ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរដែលបានឃើញហេតុការណ៍ក៏នាំគ្នាជួយលើកជនរងគ្រោះចូលទៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីសង្គ្រោះបន្ទាន់តែពេលទៅដល់ក្រុមគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានប្រគល់ឲ្យនគរបាលចរាចរណ៏ក្រុងធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សារទុកនៅការិយាល័យ ដើម្បីដោះស្រាយតាមច្បាប់ រីឯអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ សពជនរងគ្រោះត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណ្យនៅស្រុកកំណើត៕