ស៊ីហ្គេមហ្វីលីពីន៖ ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំនឹងត្រូវឡើងទៅប្រកួតប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន RIZAL MEMORIAL STADIUM ទីក្រុងម៉ានិល នាយប់ ៧:០០ ម៉ោងនៅកម្ពុជា ថ្ងៃទី៧ធ្នូនេះ ហើយថាតើកម្ពុជាអាចបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីថែមមួយកម្រិតទៀត ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនដែរឬទេ?
ក្រុមកម្ពុជា បានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារបានយកឈ្នះក្រុមម៉ាឡេស៊ី ៣ទល់១ ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ មាន៧ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ាឈរនៅចំណាត់ថ្នាក់លេខ១ មាន១០ពិន្ទុ ក្នុងពូលA។ ចំពោះ២ក្រុមដែលបានឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រដែរមកពីពូលB គឺក្រុមវៀតណាម ឈរលេខ១ត្រូវប៉ះជាមួយលេខ២ ពូលA កម្ពុជា វេលាម៉ោង៧:00យប់ និងលេខ២ ពូលB ឥណ្ឌូណេស៊ី ប៉ះជាមួយលេខ១ពូលA មីយ៉ាន់ម៉ាវេលាម៉ោង ៣:00ល្ងាច ថ្ងៃទី៧ ធ្នូ ស្អែកនេះដូចគ្នា។ នេះជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ក្រុមបាល់ទាត់កម្ពុជា ក្នុងប្រវត្តិស៊ីហ្គេម ដែលបានឆ្លងផុតវគ្គចែកពូល ហើយចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
និយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ធ្នូ នេះ, លោក FELIX G. DALMAS គ្រូបង្គោលកម្ពុជាអះអាងថា «ការប្រកួតថ្ងៃស្អែកគឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅវគ្គចុងក្រោយ ។ យើងត្រៀមខ្លួនបានល្អហើយយើងតែងតែមានសង្ឃឹម និងឆន្ទៈចង់ឈ្នះគ្រប់ការប្រកួតទាំងអស់។ យើងដឹងថាវៀតណាមបានប្តេជ្ញាយកឈ្នះការប្រកួតថ្ងៃស្អែក ដូច្នេះវាជាឱកាសល្អមួយ ដែលយើងត្រូវលេងជាមួយក្រុម ដែលមានកីឡាករមានទេពកោសល្យ និងគ្រូដែលមានបទពិសោធន៍»។ លោកបន្ថែមថា នៅក្នុងកីឡាបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ ដោយមិនមានមនុស្សច្រើនទេ ដែលជឿថាក្រុមកម្ពុជាអាចឡើងមកដល់វគ្គនេះនោះទេ ហើយការប្រកួតថ្ងៃស្អែកនេះក៏អាចទៅរួចដូចគ្នាដែរ។
ចំណែកឯ លោក PARK HANG-SEO គ្រូបង្គោលក្រុមវៀតណាមនិយាយដែរថា «ការប្រកួតជាមួយកម្ពុជា នាថ្ងៃស្អែក គឺមានអត្ថន័យ និងជាការប្រកួតដ៏លំបាកមួយ។ ហេតុផលដែលការប្រកួតថ្ងៃស្អែកមានអត្ថន័យ ព្រោះបើយើងឈ្នះយើងនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ វាជាការប្រកួតដែលលំបាកព្រោះកម្ពុជាស្ថិតក្នុងពូលA ដែលកម្ពុជាលេងតិចជាងយើងមួយប្រកួត ហើយកម្ពុជាចំណេញបានមួយថ្ងៃ ដើម្បីសម្រាក ប៉ុន្តែយើងនឹងប្រឹងប្រែងរាល់អ្វីៗទាំងអស់សម្រាប់ថ្ងៃស្អែក»។ លោកគោរពក្រុមកម្ពុជាហើយលោកមិនដែលបញ្ជូនក្រុមស៊ើបការណ៍ណាទៅយកពត៌មានពីក្រុមដ៏ទៃទេ ក្រុមរបស់លោករវល់ជាមួយការងាររបស់ខ្លួន ដូច្នេះលោកមិនបានស៊ើបការណ៍ពីក្រុមកម្ពុជាទេ៕ ដោយ៖បញ្ញាស័ក្តិ