អតីតបងធំរបស់ក្រុមអ្នកលេងជប៉ុន ដែលបានរត់គេចខ្លួនអស់ជាង ១៤ឆ្នាំ ទីបំផុតត្រូវប៉ូលីសចាប់បាននៅក្នុងប្រទេសថៃ និងត្រូវចោទប្រកាន់ពីបទ សម្លាប់អ្នកលេងដូចគ្នាម្នាក់។
ជនសង្ស័យរូបនោះឈ្មោះ Shineharu Shirai អាយុ ៧៤ឆ្នាំ។ គាត់គឺជាអតីតប្រធានរបស់ក្រុមអ្នកលេងជប៉ុនឈ្មោះ Yamaguchi Yakuza។ បុរសរូបនេះបានរត់គេចខ្លួនមករស់នៅក្នុងប្រទេសថៃ ក្រោយពេលបានសម្លាប់អ្នកលេងម្នាក់ កាលពីឆ្នាំ ២០០៣។
គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលីសថៃ កាលពីថ្ងៃពុធម្សិលមិញនេះ ខណៈដែលកំពុងដើរផ្សារនៅទីប្រជុំជនមួយកន្លែង ស្ថិតក្នុងខេត្តឡុំបូរី។
បើតាមការបញ្ជាក់របស់ប៉ូលីសបានឲ្យដឹងថា ជនសង្ស័យ បានរត់គេចខ្លួនមករស់នៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០០៥ និងមានផ្ទះមួយនៅក្នុងខេត្តឡុំបូរី។
ជនសង្ស័យបានរស់នៅជាមួយប្រពន្ធជនជាតិថៃ ប៉ុន្តែបានបែកគ្នាអស់ជាច្រើនឆ្នាំមកហើយ។ រូបលោកត្រូវបានគេផ្តល់លុយកាក់ផ្គត់ផ្គងជាប្រចាំខែ ពីប្រភពមួយដែលគ្មាននរណាដឹងឡើយ៕ សុភ័ក្ត្រ