Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើ​ជួញដូរ​មនុស្ស ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, កម្ពុជា​ប្ដេជ្ញា​បន្ដ​ប្រយុទ្ធប្រឆាំង​ការពារ និង​លើកកម្ពស់​សុវត្ថិភាព​ម​នុស្ស​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានគណៈកម្មាធិការ​​ជាតិ​​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​មានប្រសាសន៍ថា អំពើ​ជួញដូរ​មនុស្ស ជា​ប្រភេទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​គ្រោះថ្នាក់​ចំពោះ​មនុស្ស​គ្រប់​វ័យ​-​ភេទ​ក្នុងសង្គម ហើយ​គ្រោះថ្នាក់​ជា​ញឹកញាប់ ត្រូវបាន​រកឃើញ​ក្នុងចំណោម​អ្នកធ្វើ​ចំណាកស្រុក ឬ​ទេសន្ដរប្រវេសន៍ ដែល​ស្វែងរក​ការងារ និង​ប្រាក់ចំណូល នៅ​ទី​ឆ្ងាយ​ដែល​ខ្លួន​រស់នៅ ។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​១៣ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​មនុស្ស​រាប់សែន រាប់លាន​នាក់ ត្រូវបាន​បំផ្លាញ​ដោយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ។​

​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​អះអាង​ទៀតថា នៅពេលនេះ​ជនល្មើស​បាន​រក​គ្រប់​ល្បិចកល​ដ៏​ស្មោគគ្រោក ពង្រាយ​បណ្ដាញ​ធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​ជនរងគ្រោះ​នៅ​គ្រប់​ដំណាក់កាល ទាំង​ដោយផ្ទាល់ និង​ប្រយោល​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​អន​ឡាញ ឬ​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​ប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ កុមារ និង​មនុស្សពេញវ័យ​និយម​ប្រើប្រាស់ គឺ​ទូរស័ព្ទដៃ និង​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​បន្ដ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្នុង​គោលដៅ​ការពារ និង​លើកកម្ពស់​សុវត្ថិភាពរ​បស់​មនុស្ស​គ្រប់រូប និង​សន្ដិសុខ​សង្គម ក៏ដូចជា​លើកកម្ពស់​ការគោរព​សិទ្ធិ សេចក្ដីថ្លៃថ្នូរ និង​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់រូប ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ជនល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​។​

​សម្ដេច​ក្រឡ​ហោម ស ខេង បាន​សង្កត់ធ្ងន់ថា បេសកកម្ម​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គឺ​ត្រូវតែ​បន្ដធ្វើ​ឲ្យ​កាន់តែ​សកម្ម អនុវត្ត​នូវ​វិធានការ​ច្បាប់​ឲ្យ​កាន់​តែង​ម៉ឺងម៉ាត់ និង​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្រាប់​ឆ្នាំ​២០១៩-២០២៣ ឲ្យ​បានសម្រេច​តាម​គោលដៅ​គ្រោងទុក ។ រាជរដ្ឋាភិបាល​ត្រូវការ​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ជា​សមាជិក ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ពាក់ព័ន្ធ នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា កម្ពុជា​បាននិងកំពុង​ខិតខំ​ជំរុញ អនុវត្ដ​គោលការណ៍​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​កតិកាសញ្ញា​ពិភពលោក «​ស្ដីពី​ទេសន្ដរប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ និង​ស្របច្បាប់​» ដែល​ហៅ​កាត់​ថា GCM និង​ជំរុញ​បន្ថែមទៀត​នូវ​ការអនុវត្ត​អនុសញ្ញា​អន្ដរជាតិ «​ស្ដីពី​ការប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលមាន​អង្គការ​ចាត់តាំង​» និង​ពិធីសារ​បន្ថែម «​ស្ដីពី​ការដាក់ទោសទណ្ឌ​អំពើ​ជួញដូរ​មនុស្ស​» អនុ​ញ្ញា​អាស៊ាន និង​ផែនការ​សកម្មភាព​ស្ដីពី ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​-​អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ដែល​កម្ពុជា​ជា​ហត្ថលេខី និង​ច្បាប់​ជាតិ ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ឲ្យ​ម៉ឺងម៉ាត់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​