ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនឹងនៅតែបន្តជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្ស និងសហការជួសជុល និងធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេសយោធា ក្នុងកងយោធពលខេមរភូមិន្ទ។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការលើកឡើងរបស់ លោក Dmity Tsvetkov នៅក្នុងកិច្ចជំនួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋាន ។
ជាមួយនោះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីក៏បានលើកឡើងពីការត្រៀមខ្លួនជានិច្ច ដើម្បីសហការជួសជុល និងធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេសយោធា របស់កងយោធពលខេមរភូមិន្ទផងដែរ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្តទទួលយក ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដោយនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា នេះគឺជាចំណុចល្អដែលកម្ពុជាចង់បាន ហើយសំខាន់បំផុតនោះ គឺការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការជួសជុលគ្រឿងសម្ភារបច្ចេកទេស ការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយដល់កម្លាំងកងទ័ពជើងគោកជាដើម។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានជួយជ្រោមជ្រែងកម្ពុជាគ្រប់បែបយ៉ាង ក្នុងគ្រាដែលកម្ពុជាជួបការលំបាក នៃសង្រ្គាមអស់រយៈកាលជាច្រើនឆ្នាំ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្ស សម្ភារ គ្រឿងបំពាក់នានា។ នាយឧត្ដមសេនីយ៍ បានបន្តថា បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភរបស់មិត្តរុស្ស៊ី ហើយដែលកម្ពុជានៅតែចាត់ទុករុស្ស៊ីថាជាមិត្តដ៏៏សំខាន់ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។
ដើម្បីជាសក្ខីភាពនៃការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា រុស្ស៊ី នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរតាមរយៈឯកអគ្គរដ្ឋទូត ដើម្បីអញ្ជើញលោកអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប ហើយដែលសំណូមពរនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានសន្យាថានឹងរៀបចំជាក់ស្តែង ៕ដោយ៖បញ្ញាស័ក្តិ