ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុប្រវែង ១៩០,៦៣គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារួចហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ជាមួយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ត្រូវបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ ៤គន្លង មានប្រវែងសរុប ១៩០,៦៣គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
ពាក់ព័ន្ធការស្ថាបនាផ្លូវល្បឿនលឿននេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ៕ ដោយ៖បញ្ញាស័ក្តិ