ខេត្តស្វាយរៀង៖លោកនាយឧត្តមសេនីយ៍ ចៅ ភារុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ ឆ្នាំ២០១៩នេះបានធ្វើធ្វើការអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្សប្រឆាំង ឬពួកអគតិមួយចំនួន ដែលចូល ចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះ ឲ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវ ដល់អ្នកជំនាន់ក្រោយៗទៀត។
លោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស យាយជី តាជី សម្ភោធនូវឧប្បដ្ឋានសាលាមួយខ្នង ធ្វើអំពីបេតុងប្រក់ក្បឿងដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៥៤១.២៤៤.០០០រៀលស្ថិតក្នុងវត្តចាស់នៅភូមិ តាប៉ ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ចៅ ភារុណ ក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជន រួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វ បែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍លើកឡើងថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោ បានកសាងប្រទេស
ពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និង ព្រះវិហារ -ល- រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញមាននាសព្វថ្ងៃនេះ។
លោកនាយឧត្តមសេនីយ៍ក៏បានជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គមរបៀបរៀបរយសាធារណៈ អនុវត្ដន៍ឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព បន្ដជំរុញកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយ ឲ្យបានល្អនូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋានព្រមទាំងធ្វើយ៉ាងណា ឲ្យសមិទ្ធផលនានា ដែលយើងបានកសាងទាំងអស់នេះ បានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លោកចៅ ភារុណ ក៏សូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្សប្រឆាំង ឬពួកអគតិមួយចំនួន ដែលចូល ចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះ ឲ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវ ដល់អ្នកជំនាន់ក្រោយៗទៀត៕ ដោយ៖ វ៉ៃកូ