ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្ត ក្នុងការទទួលយកមតិយោបល់ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីចូលរួមស្វែងរកដំណោះស្រាយ ហើយសម្តេចតេជោសង្ឃឹមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងបន្តការងារនេះឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។
នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីបិទសន្និបាតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកសន្និបាតរយៈពេល១ថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទភាពចំពោះសកម្មភាពរយៈពេល១៦ខែកន្លងមកនេះ តាមរយៈការចូលរួមជាពហុគំនិតក្រៅក្របខណ្ឌសភា ដែលបានចូលរួមចំណែកក្នុងការស្វែងរកធាតុចូលក្នុងដំណើរការអភិវឌ្ឍប្រទេសអោយរីកចម្រើនទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្រោយឆ្នាំ២០២៣ អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពរបស់ស្ថាប័នមួយនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសង្គម។ ការធ្វើនយោបាយបម្រើដល់សង្គមមិនចាំដល់តែជេរប្រទេចគ្នានោះទេ និងមិនប្រកាន់លើបក្សតូច បក្សធំនោះទេ ។ជាមួយគ្នានេះ សម្តេចតេចជោបានមានប្រាសាសន៍ថា សុខចិត្តទទួលមតិយោបល់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាជាងទទួលបញ្ជាពីក្រុមបរទេសដែលដាក់មកអោយយើងធ្វើនេះធ្វើនោះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សកម្មភាពចាក់ដីលុបសមុទ្រនៅខេត្តកោះកុងដែលទទួលបានរបាយការណ៍ពីគណបក្សយុវជនកម្ពុជា ហើយយើងបានដោះស្រាយ ដោយបញ្ឈប់សកម្មភាពការចាក់ដីលុបសមុទ្រនេះ ។ទន្ទឹមនឹងនេះ សម្តេចតេជោបានបញ្ជាក់ថា បើមិនកាយចេញទេ គឺសម្តេចតេជោនឹងដកស័ក្តិរបស់បុគ្គលដែលចាក់ដីនេះតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រោយពីការបង្កើតនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើង គឺសមាជិកសមាជិការបក្សនីមួយៗ បានធ្វើសកម្មភាពយ៉ាងច្រើនទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានចូលរួមក្នុងការពិនិត្យ និងផ្តល់យោបល់ផ្សេងៗ ទៅលើសេចក្តីព្រាងច្បាប់នានា មុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានធ្វើការងារមួយចំនួនជាមួយថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា តាមរយៈការហៅមកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្តមួយចំនួនផងដែរ៕ដោយ៖កូឡាប