ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច បានក្នុងឆ្នាំ២០១៩នេះ លើវិស័យសាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្តដល់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារបន្ថែមទៀតក្នុងវិស័យនេះ ព្រោះថាក្រសួងសាធារណការ និងដឹកជញ្ជូនគឺជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះជូនជាតិមាតុភូមិ។
ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងសាធារណការ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងការកោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង របស់លោកទេសរដ្ឋមន្ត្រី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារ ក្នុងវិស័យសាធារណការ និងជញ្ជូន។
ដើម្បីដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ និងរៀបចំឲ្យរថយន្ដចតមាន សណ្ដាប់ធ្នាប់ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យ ក្រសួងសាធារណការ និងអាជ្ញាធរ ពាក់ព័ន្ធ មួយចំនួនទៀត ត្រូវតែអនុវត្តគម្រោងសាងសង់ចំណតសាធារណៈ នៅទីក្រុងភ្នំពេញឲ្យបានច្រើន។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ចំណតរថយន្ដសាធារណៈ មានសារសំខាន់ ក្នុងការចតរថយន្ដរបស់ប្រជាពលរដ្ឋ ជាពិសេស បានរួមចំណែកកាត់បន្ថយការកកស្ទះចរាចណ៍។
លោក មានប្រសាសន៍ថា ខ្ញុំសូមឲ្យក្រសួង យកចិត្តទុកដាក់មួយទៀត ចូលរួមសម្រសម្រួល ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ គឺការជំរុញអនុវត្តគម្រោងសាងសង់ ចំណតសាធារណៈ នៅក្នុងរាជធានីភ្នំពេញ។
លោកបន្ដថា នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ មិនសូវមានចំណតរថយន្ដទេ ដែលនាំឲ្យមានផលលំបាក់ និងជួបបញ្ហាកកស្ទះចរាចណ៍ជាដើម។ លោកថា បើមិនគិតពីចំណតសាធារណៈ ទោះបីធ្វើផ្លូវធំប៉ុណ្ណាក៏ដោយ នៅតែជួបបញ្ហាស្ទះចរាចណ៍ នាំឲ្យពលរដ្ឋមានផលលំបាក។ បញ្ហាចំណតសាធារណៈ ក៏បានចូលរួមកាត់បន្ថយកកស្ទះចរាចណ៍ គ្រោះថ្នាកចរាចណ៍ ជាពិសេស ក៏បានចូលរួមលើក សោភ័ណភាព ទីក្រុងភ្នំពេញផងដែរ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច ក៏បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដយកចិត្តទុកដាក់ខ្ពស់ឲ្យបាន ជោគជ័យក្នុងផែនការយុទ្ធសាស្ដ្រ និងគោលនយោបាយជាតិ ចរាចណ៍ផ្លូវគោក ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក តាមពាក្យ ស្លោករបស់រាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចណ៍”។
ថ្លែងក្នុងរបាយការណ៍បូកសរុបនាពេលនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារឆ្នាំ ២០១៩ លើវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានកសាងបានប្រមាណ១០% និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China Railway International Group Co.,Ltd ដើម្បីសិក្សា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី២និងទី៣ ត្រូវបានពង្រីកទៅជា៤គន្លង ព្រមទាំងហេដ្ឋារេចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតទាំងស្ពាន កំពង់ផែ ផ្លូវទឹក និងផ្លូវដែក ត្រូវបានសាងសង់ពង្រីកបន្ថែម ជួសជុល ថែទាំ លើកកម្ពស់គុណភាព និងធ្វើសមាហរណកម្មក្នុងប្រទេស និងក្នុងតំបន់ផងដែរ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីសមិទ្ធផលនានា ទាក់ទងនឹងវិស័យដឹកជញ្ជូន រួមមាន៖ ការចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលមានការកើនឡើងប្រមាណ៥១% បើធៀបនឹងឆ្នាំ២០១៨ ការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើរថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់អនុញ្ញាត ការចូលរួមនិងធ្វើយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព ការបិទចំណាំងផ្លាត ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នានាជាដើម។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ចូន វិស័យធនធានមនុស្សត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយបានជួលគ្រូមកពីបរទេសដើម្បីបណ្ដុះបណ្ដាល និងបញ្ចូនមន្ត្រីទៅសិក្សានៅក្រៅប្រទេស និងការរៀបចំបង្កើតវិទ្យាស្ថានបច្ចេកទេសសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងស្រុក។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកអគ្គបណ្ឌិតសភាចារ្យ អំពីទិសដៅការងារឆ្នាំ២០២០នេះ ដោយលោកទេសរដ្ឋមន្ត្រី បានកំណត់យកឆ្នាំ២០២០ គឺជាឆ្នាំពង្រីកការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូន និងភស្ដុភារកម្ម ដែលគ្រប់ផ្នែកទាំងអស់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនត្រូវតែបន្ត ពន្លឿន ពង្រីកដោយឈរលើគុណភាពជាចម្បងឱ្យស្របតាមទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕ដោយ៖កូឡាប