តាកែវ៖ អស់រយៈពេល ៤១ឆ្នាំមកនេះប្រទេសជាតិរបស់យើង ទទួលបានសុខសន្តិភាព បានធ្វើឲ្យស្រុកទេសរបស់យើងកំពុងតែមានការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ រហូតមកដល់មូលដ្ឋានភូមិឃុំ និងទីជនបទដាច់ស្រយ៉ាល ។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំណប់ បានមានប្រសាសន៍ថា ការប្រារព្ធមិទ្ទីងអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវ ស្មារតីចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវការបង្រួបបង្រួមជាតិ និងការជួបជុំគ្រួសារខ្មែរឡើងវិញ ជាពិសេសការពារការរស់ឡើងវិញ នៃរបបដ៏អាក្រក់នេះ។ ៧មករា គឺជាទិវាជាតិជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋទូទៅស្រឡាញ់សន្តិភាពចាត់ទុកជាកំណើតទី២ របស់ខ្លួនរួចមកហើយ ។
លោកប្រធានក្រុមការងារចុះជួយឃុំកំណប់ មានប្រសាសន៍បន្តថា ក្នុងអំឡុងនៃការដឹកនាំប្រទេសកន្លងមក រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្តារសន្តិភាព ស្ថិរភាពសង្គមកម្ពុជាទើបប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ មិនថានូវតាមមូលដ្ឋានភូមិឃុំដាច់ស្រយ៉ាលឡើយ ។
សូមបញ្ជាក់ផងដែរថា ឃុំកំណប់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការបោះឆ្នោត និងមានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ ដោយពីមុនភូមិសាស្ត្រក្នុងឃុំកំណប់ ៦ខែទឹក ៦ខែគោក ហើយមកទល់ពេលនេះមានសន្តិភាព មានការអភិវឌ្ឍន៍ គ្រប់កន្លែង មន្ទីរពេទ្យសាលារៀន ផ្លូវថ្នល់នៅគ្រប់កន្លែង ៕ដោយ៖ តាកែវ