ភ្នំពេញ៖ លោកអធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីឃាតកម្មសម្លាប់ស្រ្តីរកស៊ីចងការប្រាក់ម្នាក់ ដែលជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នា គឺម្តាយតារាចម្រៀង ពេជ្រ សូលីកា ជាឃាតករ ត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ ។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេតសំណុំរឿងម្តាយតារាចម្រៀង ពេជ្រ សូលីកា សម្លាប់គូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា បានបិទបញ្ចប់ហើយ នៅដំណាក់ការអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រច័ណ្ឌ ។
អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
នគរបាល បានបញ្ជាក់ពីដំណើរឿង គឺ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូតែម្នាក់ឯង មកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ដោយមានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា ។ ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត ទើបជនសង្ស័យបានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ ។ តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រវាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ ទន់ជើង ដូចមនុស្សស្រវឹងស្រាជោកជាំ ទើបជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា៕ដោយ៖ កូឡាប