បន្ទាយមានជ័យ៖ ករណីដំរីធំ១ក្បាលរបស់ថៃបានឆ្លងព្រំដែនមកកម្ពុជា កាលពីថ្ងៃទី១០មករា ហើយក្រុមការងារប្រទេសថៃនិងកម្ពុជាតាមរកឃើញកាលពីថ្ងៃទី១១មករា នៅច្រមុះភ្នំយាយសំនៃដែនជម្រកព្រៃឈើរនាមដូនសំ ឃុំទួលពង្រ ស្រុកម៉ាគៃនោះ មកទល់ល្ងាចថ្ងៃទី១២មករា វាបានដើរប៉ាតណាប៉ាតណី ហើយបង្កការភ័យខ្លាចដល់មន្ត្រីនិងអ្នកស្រុកដោយសារវាដើរព្រេចរបងនិងដំណាំ។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃប្រាប់ព្រលប់ថ្ងៃទី១២មករាថា៖ ដំរីនោះ ខាងថៃប្រាប់ថា កាច ឬអាចចុះប្រេង ហើយមកទល់ពេលនេះវា ដើរតែពាសពីភូមិសាស្ត្រស្រុកម៉ាឡៃ ទៅស្រុកសំពៅលូន។ វាមិនទាន់ឆ្លងទៅដីថៃវិញនៅឡើយ ។
ករណីនេះ សមត្ថកិច្ចកម្ពុជានិយាយថា ភាគីថៃ មិនមានបំណងកៀងនាំយកដំរីនោះទៅថៃវិញភ្លាមៗទាំងវាកំពុងចុះប្រេងនោះទេ។
លោកផុន ឃ្លាំង អនុប្រធានមន្ទិរបរិស្ថានខេត្តបន្ទាយមានជ័យនិងជានាយកតំបន់ការពារបរិស្ថាន ក៏ដូចជាលោកឃុំ សារុំ នាយករងតំបន់ការពារនិងជាប្រធានដែនជម្រកសត្វព្រៃរនាមដូនសំប្រាប់សារព៍ត័មានល្ងាចថ្ងៃទី១២មករាថា៖ មកទល់ពេលនេះ ដំរី១ក្បាលនោះពុំដឹងជាវាដើរបាត់ទៅណាទេ។ គេឃើញតែដានជើង តែបាត់ដំរីនោះ។
ប៉ុន្តែក្រោយមកលោកនាយករងនិយាយថា ដំរីនោះបានដើរពីចំណុចច្រុះភ្នំយាយសំមក ភូមិគោកអម្ពិល ភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃ ហើយបានបំផ្លាញចេកអ្នកស្រុកអស់១រ៉ៃ(៤០មគុណ៤០ម) និងដំណាំចំណីវាផ្សេងទៀត បំផ្លាញរបងដីពលរដ្ឋ។
ហើយមន្ត្រីនិងអ្នកស្រុកក៏ខ្លាចរអារដែរ ហើយនាំគ្នាប្រុងប្រយ័ត្នព្រោះតែមានពត័ត៍មានពីភាគីថៃថាន ដំរីនេះកាច ហើយវាធ្វើអី្វៗស្រេចនឹងវា ក៏ឭថាបានប៉ះពាល់មនុស្សទៀតមុននឹងវាឆ្លងចូលមកទឹកដីកម្ពុជានេះ ។
ចំណែកព្រះគ្រូចៅអធិការវត្តសុខសាន្ត អូរខៃដនសង្កាត់និមិត្តមានសង្ឃដីកាថា ៖ គេបានឃើញស្លាកស្នាមកំទេចកំទីដំណាំនិងរបងឈើឫស្សីដែលដំរីនោះបំផ្លាញនៅម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១២មករា នៅភូមិសុខសាន្ត។
រីឯមន្ត្រីនគរបាលវរការពារព្រំដែនលេខ៨១៥-ម៉ាឡៃវិញ អោយដឹងថា: បើដំរីនោះមកម្តុំភូមិសន្តិភាព ភូមិសុខសាន្ត..នោះមានន័យថាវាមកកៀកព្រំដែនថៃវិញហើយ។ ប៉ុន្តែវាមិនទាន់ឆ្លងអូរព្រំដែន នាតំបន់ដែលកម្លាំងល្បាតព្រំដែនជាប្រចាំនោះឡើយ៕ ដោយ ៖ បន្ទាយ