ភ្នំពេញ៖ ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី OBUCHI Chizuko បានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកស្រីបានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានទទួលជួបជាមួយសមាជិកសភាមកពីប្រទេសជប៉ុនរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារបន្តជាមួយ លោកស្រី OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន។
ក្នុងជំនួបនោះ លោកស្រី OBUCHI Chizuko បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកស្រី បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូបានចូលជួបសំដែងការគួរសម នាពេលនេះ និងក៏សូមថ្លែងអំណរគុណសម្ដេចតេជោផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី។
លោកស្រី OBUCHI Chizuko បានមានប្រសាសន៍ថា លោកស្រីមានការចងចាំយ៉ាងរស់រវើក ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រីទៅកាន់មជ្ឈមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកស្រីបានកត់សម្គាល់ឃើញថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកស្រីបានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជា មានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកស្រី បានមានប្រសាសន៍បន្តថា នេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ បន្ទាប់មក លោកស្រីក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន កាន់តែស្អិតល្មួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកស្រី ក៏បានគោរពជូនពរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យមាតាក្មេករបស់សម្ដេច ដែលត្រូវជាមាតាបង្កើតរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ឱ្យជាសះស្បើយពីជំងឺនាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី និងគណៈប្រតិភូដែលបានជូនពរ ដល់ម្ដាយក្មេករបស់សម្ដេចឱ្យជាសះស្បើយពីជំងឺ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីអតីតកាល ដែលពេលនោះលោក Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងទស្សនកិច្ចនោះផងដែរ មានតែលោក Obuchi និងលោកស្រីទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីន នៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែលោក Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេះ។ លើសពីនេះទៅទៀតសម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរនោះ គឺលោក Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុននៅក្នុងការជួយដល់ប្រទេសកម្ពុជា ឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀតសម្ដេចតេជោ បានបញ្ជាក់ថា លោក Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយលោកបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះ គឺជាប្រវត្តិសាស្ត្រ ហើយលោកគឺជាមនុស្សទីពីរហើយ នៅក្នុងដំណាក់កាលរបស់លោកជានាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោកនោះ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និង សូមជូនពរដល់លោកស្រី OBUCHI Chizuko ទទួលបាននូវភាពជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕ដោយ៖កូឡាប