កង់បេរ៉ា៖ ឆ្លៀតពីការចូលរួមកិច្ចប្រជុំAPPF លើកទី ២៨ ក្នុងប្រទេសអូស្ត្រាលី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានទទួលជួបសំណេះសំណាល សាកសួរសុខទុក្ខ និងទទួលទានអាហារជាមួយ ប្រជាពលរដ្ឋខ្មែរនិងនិស្សិតកំពុងរស់នៅនិងសិក្សានៅក្នុងទីក្រុងកង់បេរ៉ា និងរដ្ឋនៅក្បែរៗនោះ នារសៀលថ្ងៃទី១៦ ខែមករានេះ នៅស្ថានទូតខ្មែរក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
លោកចាន់ រតនា ឯកអគ្គរាជទូតកម្ពុជានៅប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋ និស្សិតដែលបានមក បានស្វាគមន៍សម្តេច បានបង្ហាញក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេចដែលបានតស៊ូរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម និងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសសម្តែងការគាំទ្រនិងសប្បាយរីករាយ ចំពោះការរីកចម្រើន សុខសន្តិភាព ដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ និងសូមឲ្យថ្នាក់ដឹកនាំ ពលរដ្ឋនៅក្នុងប្រទេសរួមគ្នាថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍជាអចិន្ត្រៃយ៍ទៅ។ ពួកគាត់មិនចង់ឃើញប្រទេសជាតិមានសង្គ្រាមដែលនាំឲ្យខ្មែរបែកបាក់គ្នា និងរត់មករស់នៅប្រទេសគេទៀតនោះទេ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី ដែលបានទទួលស្វាគមន៍សម្តេចតាំងពីពេលមកដល់ព្រលានយន្តហោះមកម្លះ។ ជាមួយគ្នានេះ សម្តេចបានអរគុណប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់ក្រៅប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋ ខ្មែររស់នៅអូស្ត្រាលីនេះ ដែលជានិច្ចកាលតែងគាំទ្រ ទាំងផ្នែក ស្មារតី និងសម្ភារៈដល់ប្រជាជននៅក្នុងប្រទេស ក្នុងការរួមចំណែក កសាង និងអភិវឌ្ឍប្រទេសតាំងពីដើមរៀងមក។
សម្តេចបានផ្តាំផ្ញើដល់លោកឯកអគ្គរាជទូតកម្ពុជានៅប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋទាំងអស់ ចេះជួយយកអាសាគ្នាគ្រប់ពេលវេលា មានអធ្យាស្រ័យគ្នា និងថែរក្សាឲ្យបានភាពថ្លៃថ្នូរជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបពលរដ្ឋខ្មែរ នៅនាយសមុទ្រពីសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេស ពិសេសការអភិវឌ្ឍរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះសម្តេចបានរំលឹកពីប្រវត្តិសង្គ្រាមនៅកម្ពុជានិងចលនាតស៊ូរបស់ឥស្សរជនស្នេហាជាតិ ដែលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម និងការតស៊ូកសាងជាតិ ក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។
សម្តេចបានបន្តថា ហែរឆ្លងការលំបាកជាង៤០ឆ្នាំ មកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្គ្រាមស៊ីវិលដ៏រ៉ាំរៃ បង្ហូរឈាម ពីការបែកបាក់ជាតិ និងបែកបាក់ទឹកដី មកជាប្រជាជាតិមួយ ដែលមានសន្តិភាព ឯកភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ បណ្តាញអគ្គិសនី រហូតដល់ជនបទដាច់ស្រយ៉ាលគ្រប់ច្រកល្ហក ប្រព័ន្ធ ធារាសាស្ត្រខ្វាត់ខ្វែង នៅគ្រប់តំបន់ ជនបទ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបាន កសាង និង កែលំអនៅ គ្រប់ភូមិឃុំនិគមជនបទ និង ហេដ្ឋរចនាសម្ព័ន្ធរូបវន្តដទៃទៀតរាប់មិនអស់ ដែលក្នុងនោះ តំបន់ភាគច្រើនមិនធ្លាប់ មានការអភិវឌ្ឍទាល់តែសោះ នៅក្នុងរបបនយោបាយមុនៗ៕ដោយ៖កូឡាប