Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អរគុណ​សន្តិភាព ដែល​បាន​នាំមក​នូវ​សុខដុមរមនា និង​ការរីកចម្រើនរបស់​ស្ត្រីនៅ​ទូទាំងប្រទេស​

​ភ្នំពេញ ៖ លោកស្រី​ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា អរគុណ​សន្តិ​ភាពខ្លាំង​ណាស់​ដែល​បាន​នាំមក​នូវ​សុខដុមរមនា និង​ការរីកចម្រើន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ស្ត្រី​នៅ​ទូទាំងប្រទេស​ក្រោម​មាគ៌ា​ដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការ​ថ្លែង​របស់​លោកស្រី ម៉ែន សំអន នេះ ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មកា​រ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​កិច្ចការនារី កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី ១៦ ខែមករា ឆ្នាំ ២០២០​។​

​លោកស្រី ម៉ែន សំអន សង្ឃឹម​យ៉ាង​មុតមាំ​ថា គណៈកម្មការ​សាខាសមាគម​នារី​ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី​អនុវត្តន៍​ឱ្យបាន​ជោគជ័យ​នូវ​ទិសដៅ ភារកិច្ច​ដែល​បានលើកឡើង ដោយ​បង្កើន​ការ​សាមគ្គីភាព​ទូលំទូលាយ ឯកភាព និង​សហការគ្នា​។ ម្យ៉ាងទៀត ពិធី​នេះ​ប្រព្រឹត្តទៅ​នៅពេលដែល​ប្រទេស​យើង ទើបនឹង​បានរៀបចំ​ដោយ​ជោគជ័យ​នូវ​ខួប​ទី​៤១ ថ្ងៃ​ដណ្តើមបាន​ជ័យជម្នះ លើ​របប​ប្រល័យពូជសាសន៍​៧ មករា ១៩៧៩-៧ មករា ២០២០ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរួមជាតិ​រាប់លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង អ​យុ​ត្តិ​ធ៌​ម​ដោយសារ សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ព្រមទាំង​រំលឹក​ដល់​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​យុទ្ធជន​ស្នេហា​ជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​រំដោះជាតិ​។​

លោកស្រី​ថ្លែងបន្តថា ផ្អែកលើ​កម្លាំង​មហា​សាមគ្គី​ជាតិ​និង​ការឧបត្ថម្ភ​ពី​មិត្តភក្តិ​ជិត​ឆ្ងាយ និង​សហគមន៍​អន្តរជាតិ យើង​បាន​ឆ្លងកាត់​ឧបសគ្គ​ទាំងនោះ​ដោយ​ជោគជ័យ ធ្វើឱ្យ​ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ឈានដល់​ដំណាក់កាល​អភិវឌ្ឍន៍​ដូច​ពេលនេះ​។ លោកស្រី ម៉ែន សំអន ក៏​សូម​អរគុណ​សន្តិភាព និង​សូម​អរគុណ​នូវ​នយោបាយ ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ និង​ត្រូវបាន​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ មាន​សន្តិភាព ទើប​ធានាបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​សុខសាន្ត​សម្បូរ សប្បាយ មាន​សន្តិភាព​ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ និង​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ថែម​ថា “​បើ​យើង​បាត់បង់​សន្តិភាព យើង​នឹង​បាត់បង់​នូវ​អ្វីៗ​ទាំងអស់ ដូច្នេះ​យើង​ត្រូវតែ​ការពារ​ដាច់ខាត​នូវ​សន្តិ​ភាពមិន​អនុញ្ញាត​ឱ្យកម្លាំង​ប្រតិកិរិយា​ណា​មក​បំផ្លាញ​បានជា​ដាច់ខាត​”​។ ដោយឡែក​ដំណើរការ​កែទម្រង់​រដ្ឋ​គ្រប់​វិស័យ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​និង​កំណែទម្រង់​ការគ្រប់គ្រង​ដីធ្លី​និង​ព្រៃឈើ​។​ល​។ កំពុងតែ​ធ្វើដំណើរ​ទៅមុខ​ក្នុងទិសដៅ​ត្រឹមត្រូវ ហើយ​បាននិងកំពុង​ផ្តល់​លទ្ធផល​គាប់ប្រសើរ​។ លោកស្រី ម៉ែន សំអន បាន​ថ្លែងបន្តថា នេះ​គឺជា​ឱកាស​ដែលមាន​ភាពអំណោយ​ផល​ល្អ​បំផុត ដែល​យើង​ត្រូវ​ច្បាម​ឱ្យ​ជាប់ និង​ចេះ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ដណ្តើម​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២២-២០២៣ ខាងមុខនេះ​៕ ដោយ​៖ កូ​ឡាប​

×