ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៤ មករាមកនោះ ស្រ្តីអ្នកកាសែតម្នាក់ នៅអង្គភាព (TVFB) ប្រកាសជាសាធារណៈនៅលើផេកហ្វេសប៊ុកផ្លូវការ មានគណនីឈ្មោះ Ly Na ឈប់ចូល ពិសារអាហារសាមគ្គីជាមួយសម្ដេច តេជោហ៊ុនសែន ។
ជាមួយនឹងបញ្ហានេះ លោកខៀវ កាញារីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៦ខែមករា បានចេញសារឆ្លើយតបវិញថា “ធម្មតា ខ្ញុំមិនតបសារមនុស្សដែលនិយាយខុសរឿងតែឯងនោះទេ តែដោយឃើញសារនារីម្នាក់ និយាយរិះគន់ដល់ការជួបជុំ រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៤ មករា ២០២០ ដោយចាត់ថាជាការមិនបើកឲ្យមានការជជែកពិភាក្សា ដឹងពីសុខទុក្ខអ្នកកាសែត”។ លោករដ្ឋមន្រ្តី បានបន្ថែមថា ” ខ្ញុំគិតថា អ្នកនិយាយប្រហែលមិនសូវទៅធ្វើការ ឬ ក៏អង្គភាពនោះមានប្រព័ន្ធជូនដំណឹងផ្ទៃក្នុងមិនល្អ ។ នៅមុនពេលជួបជារៀងរាល់ឆ្នាំ សមាគមអ្នកកាសែត តែងពិគ្រោះគ្នាលើកពីចំណុចដែលត្រូវដាក់ជូននាយករដ្ឋមន្ត្រីសម្រេច ហើយក្រសួងព័ត៌មានពិនិត្យពីចំណុចណា ដែលគួរដាក់ដើម្បីសម្តេចនាយករដ្ឋមន្ត្រីសម្រេចជាគោលការណ៍ គឺនិយាយពីរឿងព្រៃ មិននិយាយពីដើមឈើទេ ។ នៅក្នុងឆ្នាំនេះ បញ្ហាដែលលើកឡើង គឺកិច្ចការពារអ្នកកាសែតនៅចំពោះមុខច្បាប់ និង សំណូមពរអ្នកកាសែតចង់មានប្រព័ន្ធសន្តិសុខសង្គម នៅពេលពួកគេមានជំងឺតម្កាត់ផ្សេងៗ ។ ដោយប្រព័ន្ធ ប.ស.ស. មាននីតិវិធីច្បាស់លាស់ហើយ ក្រសួងមានគម្រោងបើកសិក្ខាសាលាមួយ ជូនអ្នកកាសែតដោយអញ្ជើញតំណាងក្រសួងសង្គមកិច្ច មកពន្យល់ ហេតុនេះនៅសល់តែរឿងការពារអ្នកកាសែត នៅចំពោះការប្តឹងផ្តល់នានា ។ ហើយសំណូមពរនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយជូននៅថ្ងៃទី១៤ មករា នោះហើយ តែប្រហែលអ្នករិះគន់នោះ រវល់តែវ៉ែជជែកគ្នាបានជាមិនឮឬយ៉ាងណា ?”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ មករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅពិព័រណ៍កោះពេជ្រ ដើម្បីរំលឹកដល់បងប្អូនអ្នកសារព័ត៌មានប្រតិបត្តិការការងារ ដោយមានការទទួលខុសត្រូវខ្ពស់ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ។
ប៉ុន្តែក្រោយពីបញ្ចប់ការចូលរួម ស្រាប់តែមានស្រ្តីជាអ្នកការសែតម្នាក់ បានបង្ហោះថា ៖ “ខ្លួននិងឈប់ចូលរួម បាយសាមគ្គីជាមួយសម្តេចតេជោទៀតហើយ ព្រោះសម្តេចនិយាយតែម្នាក់ឯង មិនឲ្យឱកាសអ្នកកាសែត បកស្រាយអំពី បញ្ហាដែលធ្លាប់ជួបប្រទះ ដូចជាការគំរាមកំហែង ពីសំណាក់មន្រ្តីធំៗក្នុងជួរដ្ឋាភិបាល ពេលដែលអ្នកស្រីចុះយកព័ត៌មាន ពីពលរដ្ឋដែលរងគ្រោះ ក្នុងបញ្ហាជំម្លោះដីធ្លី”។
នៅថ្ងៃទី១៧ខែមករានេះដែរ ហ្វេសប៊ុក Ly Na បានសរសេរបន្ថែមទៀតថា “ជាដំបូងក្មួយអរគុណសន្តិភាព ក្នុងអត្ថន័យដែលក្មួយសរសេរ (ចំពោះការចូលរួមអាហារសាមគ្គីកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២០) មិនមែនមានអត្ថន័យដូចអ្នកយកទៅបកស្រាយឡើយ ក្មួយអរគុណណាស់ដែលសម្តេច បានជួយប្រជាពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យករណីជម្លោះដីធ្លី ក្នុងអត្ថន័យនោះក្មួយគ្រាន់តែចង់ឲ្យមន្ត្រីថ្នាក់ ក្រោមមួយចំនួនតូចយកគំរូតាមសម្តេច ដែលខិតខំបម្រើពលរដ្ឋគ្មានពាក្យថាហត់រហូត ទទួលបានសន្តិភាពដល់បច្ចុប្បន្ន ក្មួយសុំសំពះសុំទោសអ៊ុំចំពោះពាក្យពេចន៍ខ្លះមិនសមរម្យ តែចេតនារបស់ក្មួយនៅតែដដែលមិនដែលភ្លេចការដឹងនាំរបស់សម្តេចទេ ។ និយាយពីប្រវត្តិខ្ញុំ ឪពុកខ្ញុំជាទាហា (តែគាត់បានស្លាប់បាត់ហើយ) ក៏ធ្លាប់តស៊ូនៅក្នុងសមរភូមិជាច្រើនដែរ ក្មួយស្តាយដែលឪពុកក្មួយមិនបានរស់នៅ ពេលប្រទេសយើងមានសន្តិភាព តែរូបភាពនៃការដឹកនាំរបស់សម្តេច បានជ្រួតជ្រាបនៅក្នុងបេះដូងក្មួយជានិច្ច ក្មួយក៏ជាធនធានមនុស្សម្នាក់ នៅក្នុងសម័យសន្តិភាពនេះដែរ បើអាចក្មួយសុំជួបអ៊ុំដោយផ្ទាល់”។
ចំណែកផេកហ្វេសប៊ុក គណនី សាំង សុង កាលពីថ្ងៃទី១៦ខែមករា បានសរសេរថា “ចង់ល្បីហូសហើយមីនាង សារជាតិនាង អង្គភាពនាងចេញមកពីពួកប្រឆាំងផ្តាច់សង្ខារ ភាពល្បីល្បាញរបស់នាងនិងអង្គភាព TV Facebook ដែលនាងជ្រកកោន គឺវាកើតចេញពីការផ្សព្វផ្សាយព័ត៌មានចុះញង់ជាច្រើន ក្នុងពេលបក្សប្រឆាំងនៅមានជីវិតហើយបានប្តូរឥរិយាបទមកវិញ ពេលបក្សប្រឆាំងរលាយ យើងស្គាល់ក្រ័យពួកនាងច្បាស់ណាស់ ពួកនាងអាចបោកថ្នាក់ដឹកនាំភ្លើងមួយចំនួន តែមិនអាចបោក ក្មេងនៅវត្តម្នាក់នេះបានទេវើយ”៕ ដោយ៖បញ្ញាស័ក្តិ