ភ្នំពេញ៖ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ បានចេញសារលើផេកហ្វេសប៊ុក Special Rapporteur Cambodia ថា “ថ្ងៃនេះ ខ្ញុំចូលរួមជាមួយអ្នកជំនាញឯករាជ្យរបស់ អ.ស.ប ពីររូបទៀត ក្នុងការអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ធានានូវយុត្តិធម៌សម្រាប់លោក កឹម សុខា ដែលការកាត់ទោសពីបទក្បត់ជាតិ របស់លោក បានចាប់ផ្តើម នៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ”។
លោកស្រីរ៉ូណា ស្មីត បានបន្ថែមទៀតថា “យើងសូមអំពាវនាវម្តងទៀត ឱ្យដកចេញជាបន្ទាន់ នូវលក្ខខណ្ឌធានានៅក្រៅឃុំ ដែលមានការរិតត្បិត ផ្តល់សិទ្ធិនយោបាយរបស់លោកឡើងវិញ និង ធានាសិទ្ធិរបស់លោក ក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត”។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានពេញលេញ ដែលត្រូវបានចូលរួមដោយអ្នករាយការណ៍ពិសេស ស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និង អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី ផងដែរ។
ចំណែកលោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានសរសេរនៅថ្ងៃទី១៨មករានេះផងដែរថា លោក កឹម សុខា នឹងរួចផុតពីបទចោទ បើរកឃើញភស្តុតាងមានវិមតិសង្ស័យ!។
លោក កង រិទ្ធគីរី មេធាវីម្នាក់ដែលធ្លាប់ធ្វើការងារនៅសាលាក្តីខ្មែរក្រហមបានកត់សំគាល់ថា ចំណោទបញ្ហានៅក្នុងរឿងក្ដីរបស់លោក កឹម សុខា គឺវិមតិសង្ស័យនៃភស្តុតាង។ បើតាមលោកមេធាវី ប្រសិនបើជាភាគីណាមួយរកឃើញថា ភស្តុតាងពិតជាមានវិមតិសង្ស័យមែននោះ ភាគីនោះនឹងនាំអោយលោក កឹម សុខា រួចខ្លួន ត្បិតរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា វិមតិសង្ស័យបានជាប្រយោជន៏ដល់ជនជាប់ចោទ។ តែបើភាគីដើមបណ្ដឹង និងក្រុមព្រះរាជអាជ្ញា រកឃើញថា ភស្តុតាងមិនមានវិមតិសង្ស័យនោះទេ នោះលោក កឹម សុខា ពិតជាជាប់ទោសដដែល។
ចំណែកលោក សុខ សំអឿន ប្រធានក្រុមមេធាវីនៃក្រុមអ្នកច្បាប់ អម រិន្ទ បានលើកឡើងស្រដៀងគ្នានេះដែរថា កាលបើមានធាតុផ្សំណាមួយនៅមានការសង្ស័យថា មិនទាន់ត្រូវបានបំពេញ នោះតុលាការត្រូវតែកាត់ឲ្យជនជាប់ចោទរួចខ្លួន។ បើលោកមេធាវី បើភស្តុតាងណាដែលមានការសង្ស័យតែបន្តិចក៏ដោយ ក៏ចាត់ទុកថា មិនពិតនោះដែរ។
លោកបានបន្ថែមថា បើតាមអ្នកច្បាប់រូបនេះ ដើម្បីដោះស្រាយភាពប្រទាញប្រទង់គ្នានេះ តាមលក្ខណៈបច្ចេកទេសគេត្រូវធ្វើកោសល្យវិច័យទៅលើខ្សែអាត់ថតសម្លេងនោះ ថាតើវាមានកាត់តឬទេ? ប៉ុន្តែសំណួរនៅត្រង់ថា តើស្ថាបន័ណាជាអ្នកធ្វើកោសល្យវិច័យលើភស្តុតាងនេះ? បើរដ្ឋាភិបាលជាអ្នកប្ដឹង និងជាអ្នកគាំទ្រលើភស្តុតាងនោះ?៕ដោយ៖កូឡាប