ខេត្តព្រះសីហនុ៖ ក្រុមអ្នកកាសែតតំណាងឲ្យអង្គភាពសារព័ត៌មានភាគច្រើន ប្រចាំការនៅខេត្តព្រះសីហនុ បានស្នើដល់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវងាកមកអនុវត្តអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានលើកឡើង នៅក្នុងជំនួប ជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកជាង ៥ពាន់នាក់ កាលពីព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ឲ្យបានរលូន និងឲ្យមានប្រសិទ្ធភាព។
ជាបន្តបន្ទាប់មកនេះ ក្រុមអ្នកកាសែតនៅតាមអង្គភាពមួយចំនួន នាខេត្តព្រះសីហនុ បានរអ៊ូរទាំ និងបានរិះគន់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថាបានរើសអើង និងមិនបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ឲ្យបានទូលំទូលាយនោះទេ ពោលគឺ លោក គួច ចំរើន ហាក់មានចេតនាមិនចង់ចូលរួមសហការជាមួយអ្នកកាសែត ឬតែងបដិសេធមិនផ្តល់ព័ត៌មាន ជូនក្រុមអ្នកសារព័ត៌មានភាគច្រើន ប្រចាំខេត្តព្រះសីហនុនោះទេ នៅគ្រាអ្នកកាសែត នៅតាមអង្គភាពសារព័ត៌មានមួយចំនួន បានស្នើសុំធ្វើបទសម្ភាសន៍ទាក់ទងបញ្ហា ឬរឿងរ៉ាវអ្វីមួយ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
ត្រង់ចំណុចនេះ ក្រុមអ្នកសារព័ត៌មានភាគច្រើនប្រចាំការនៅខេត្តព្រះសីហនុ ហាក់សូវមិនពេញចិត្ត ចំពោះឥរិយាបទ និងអត្តចរិតក្រអើតក្រទម របស់លោក គួច ចំរើន ដែលកន្លងមកបានធ្វើទង្វើហាក់មិនសមរម្យ មកលើអ្នកកាសែត ចាប់តាំងពី លោកអភិបាលរូបនេះ បានមកទទួលតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បន្តពីអតីតអភិបាលខេត្តព្រះសីហនុ គឺលោក យន្ត មីន ក្នុងប៉ុន្មានខែកន្លងមកនេះ។
ផ្តើមពីបញ្ហានេះ ក្រុមអ្នកកាសែតភាគច្រើន នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក គួច ចំរើន ត្រូវងាកមកអនុវត្តតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាព ដោយមិនត្រូវបង្ហាញការរើសអើង ឬគេចវេសមិនផ្តល់ព័ត៌មាន ជូនអ្នកកាសែត ដូចលោកអភិបាល ធ្លាប់ធ្វើទង្វើជាមួយអ្នកកាសែតភាគច្រើននៅខេត្តព្រះសីហនុ នាពេលកន្លងមកទៀតទេ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដល់រដ្ឋមន្ត្រីនៅតាមបណ្តាក្រសួង និងអភិបាលនៅតាមរាជធានី-ខេត្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឲ្យចូលសហការផ្តល់ព័ត៌មាន ជូនអ្នកកាសែត តាមអាចធ្វើទៅបាន ដោយគ្មានការរើសអើង ឬលាក់បាំងព័ត៌មាននោះទេ វាលើកលែងតែព័ត៌មានណាជាប្រភេទព័ត៌មានសម្ងាត់ ឬព័ត៌មាននោះ វានាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តាំផ្ញើដល់មន្ត្រី ទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា សូមកុំយកអ្នកកាសែតធ្វើជាសត្រូវ”។
ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានរំលឹកដល់អ្នកកាសែត ឬផ្តល់សារសំខាន់ដល់អ្នកកាសែតថា “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានផ្តល់អនុសាសន៍ដូច្នេះ ធ្វើឡើងនៅក្នុងជំនួបលើកទី៤ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយចុះ គេហទំព័រ “CEN” នៅមិនទាន់អាចស្នើសុំការបំភ្លឺ ឬស្នើសុំការធ្វើអត្ថាធិប្បាយពូ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជុំវិញការទិតៀនរិះគន់ របស់ក្រុមអ្នកសារព័ត៌មានភាគច្រើន ប្រចាំការនៅខេត្តព្រះសីហនុ បាននៅឡើយទេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០៕ដោយ៖ដែន សីមា