Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​

​ភ្នំពេញ​៖ ​នៅ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍​មកដល់ព្រះរាជាណា ចក្រ​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក តូ ឡឹម រដ្ឋមន្ត្រី ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា បើក​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២០ ជាមួយ​សម​ភាគី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក តូ ឡឹម ។​

​ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ មាន​ជាអាទិ កិច្ចសហការ​ផ្លាស់ប្តូរ​ព័ត៌មាន​ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ​ការពារ​ព្រឹត្តិការណ៍​ជាតិ​ធំៗ ការពារ​សុវត្ថិភាព​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​កិច្ចសហការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ការផ្លាស់ប្តូរ​ប្រតិភូ​បំពេញ​ទស្សនកិច្ច​ដក​ពិសោធន៍​ការងារ និង​ពិនិត្យ​ព្យាបាល​ជំងឺ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ព្រមទាំង ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ផ្នែក​សម្ភារ​បច្ចេកទេស បម្រើ​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ។​

​ទន្ទឹមនេះ​សម្ដេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក តូ ឡឹម ក៏បាន​កត់សម្គាល់ ដោយ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រវាង​កង​កម្លាំង​នគរបាល​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ និង​ថែរក្សា​បរិយាកាស​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​យ៉ាង​ល្អប្រសើរ រួមចំណែក​បង្ក​លក្ខខណ្ឌ​អំណោយផល​ដល់​ការប្រកប​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ។​

​ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ចំពោះ ឯក​ត្ត​ម ង្វៀន ហ៊ូ​ចុង ប្រធាន​រដ្ឋ លោកជំទាវ ង្វៀន ធី គឹម​ងី​ន ប្រធានរដ្ឋសភា និង​ឯកឧត្តម ង្វៀន ស៊ុន​ហ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​នៅក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​ប្រទេស​វៀតណាម ក្នុងឱកាស​ទទួល​ភារកិច្ច​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២០​នេះ និង​ការជាប់ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ក្នុង​អាណត្តិ​២០២០-២០២១​។

​ឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ក៏បាន​ចូលរួម​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០​នេះដែរ ។ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​គ្រប់​លទ្ធភាព ដើម្បី​បម្រើ​ឲ្យ​ការ​ប្រារព្វ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទាំងនេះ ដំណើរការ​ទៅដោយ​ជោគជ័យ​តាម​ការគ្រោងទុក ។​

​បន្ទាប់មក ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​សម្រាប់​ឆ្នាំ​២០២០ និង​បាន​ឯកភាព​យកចិត្តទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត រួមមាន បន្ត​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​នៅតាម​តំបន់​មួយចំនួន​ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ​, បន្ត​ជំរុញ​ចាត់វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​លួច​ឆ្លងដែន​ខុសច្បាប់​, បន្ត​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​តាម​ខ្សែបន្ទាត់​ព្រំដែន និង​សហការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី ឈរលើ​គោលការណ៍​គោរព​ឯករាជ្យ និង​អធិបតេយ្យ​គ្នា​ទៅវិញទៅមក ។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះដែរ រដ្ឋាភិបាល និង​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​បណ្តា​អង្គភាព​ពាក់ព័ន្ធ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​ទាំងពីរ ក្នុង​បុព្វហេតុ​នៃ​ការថែរក្សា​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន ។​

​ដើម្បី​បន្ត​យន្តការ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែមទៀត សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​អញ្ជើញ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​ពិ​និ​​ត្យ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ពេលវេលា​សមស្រប ៕ ដោយ​៖​កូ​ឡាប​

 

×