ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា យោងតាមចំណារបស់សម្ដេចតេជោ ហ៊ុន សែន បានចេញ សជណ ចំនួន៤ ទៀត ពាក់ព័ន្ធនឹងអ្នកធំៗរំលោភដីពលរដ្ឋ តបតាមរបាយការណ៍លម្អិត របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ។
សជណ ដែលរាជរដ្ឋាភិបាលកម្ពុជា ចេញកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០នេះ រួមមាន៖
១ ៖ ករណីលោកនាយទាហាន ឧត្តមសេនីយឯក ប៊ូ សុខគីម និងលោក ចែម សារ៉ីម រំលោភដីរបស់សហគមន៍អ្នកដាំអំពៅ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
២ ៖ ករណី រដ្ឋបាលសាលាក្រុងអនុវត្តន៍ការឈូសឆាយប៉ះពាល់ដល់ពលរដ្ឋ ៨គ្រួសារ នៅទីក្រុងភ្នំពេញ ។
៣ ៖ ករណី ក្រុមហ៊ុនឋានសួគ៌ចំកាត់ ដែលមានទំនាស់រាំរ៉ៃប៉ះពាល់ដល់ដីពលរដ្ឋ ៤៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤ ៖ ករណីអាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត យកដីពលរដ្ឋ ៦ គ្រួសារលក់ឲ្យ ឧកញ៉ា ហ៊ុន ឡាក់ ។
បើតាមលោក សុខសុវណ្ណ វឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា គ្រប់ករណីទាំងអស់នេះ យើងខ្ញុំនឹងបន្តតាមដាន ការអនុវត្តន៍ សជណ ពីសំណាក់សមត្ថកិច្ចដែលទទួលភារកិច្ចក្នុងការដោះស្រាយ បន្តទៀត ដើម្បីធានាថាការដោះស្រាយប្រកបដោយសុច្ចរិត តម្លាភាព ។
លោកបានបន្តឲ្យដឹងថា ដោយឡែកករណីផ្សេងៗទៀត ដែលបងប្អូនបានប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សា តាមរយៈប្រតិភូយើងខ្ញុំ ហើយពុំទាន់ទទួលបានដំណោះស្រាយ សូមបងប្អូនប្រជាពលរដ្ឋមេត្តារង់ចាំដោយភាពអត់ធ្មត់ ព្រោះដំណោះស្រាយតាមរយៈ សជណ របស់រាជរដ្ឋាភិបាលនឹងមានជាបន្តបន្ទាប់តាមដំណាក់កាល ៕ដោយ៖បញ្ញាស័ក្តិ