Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​មេបញ្ជាការ​កងទ័ពជើងគោក​សឹង្ហ​បុរី​

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែមករា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Goh Si Hou មេបញ្ជាការ​កងទ័ពជើងគោក នៃ​ប្រទេស​សឹង្ហ​បុរី​។​

​ក្នុងជំនួប​នោះ លោក​Goh Si Hou បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ថា លោក​ធ្លាប់បាន​មកកាន់​ប្រទេស​កម្ពុជា ហើយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅពេលនេះ លោក​មាន​អារម្មណ៍​ថា​កម្ពុ​ជាមាន​សុខសន្តិភាព​ហើយ​មានការ​អភិវឌ្ឍ​ហើយ​ការអភិវឌ្ឍន៍​នោះ​សោត គឺជា​ការអភិវឌ្ឍន៍រ​យៈ​ពេល​២០​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ ឯកឧត្តម​មានប្រសាសន៍​ថា សន្តិភាព​ដែល​ទទួលបាន​មកនេះ​គឺ​បាន​ដោយ​ពិបាក​ហើយ​សន្តិភាព​នេះ​ស្ថិតនៅ​ជា​កត្តា​ដ៏​សំខាន់​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​ថែមទៀត​។​

​លោក​បានបង្ហាញ​នូវ​ក្តី​រីករាយ​រីករាយ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ផងដែរ ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​រវាង​ក​ង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​។ លោក​មានប្រសាសន៍​បន្ត​ទៀតថា លោក​រួមជាមួយ​នឹង​លោក ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​ធ្វើការ​ជាមួយគ្នា ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ រួមទាំង​ផលប្រយោជន៍​អាស៊ាន​ផងដែរ​។ ជាមួយគ្នានេះ​ផងដែរ លោក​បានជម្រាប​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា កងទ័ព​ទាំងពីរ​កន្លងមក​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ​ហើយ ឯកឧត្តម និង​លោក ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​នូវ​ទំនៀមទម្លាប់​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ​ជា​បន្តទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ការស្វាគមន៍ និង​កិច្ចពិភាក្សា​រវាង​ឯកឧត្តម​និង លោក ហ៊ុន ម៉ា​ណែ​ត ហើយ​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ជាការ​ពិតណាស់​កងទ័ព​ទាំងពីរ​ចាំបាច់​ត្រូវ​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​នឹង​គ្នា​ទៅវិញទៅមក ក៏ដូចជា​ការហ្វឹកហាត់​រួមគ្នា​ផងដែរ​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ថា នៅពេលនេះ​ពិភពលោក​មានការ​រត់​ប្រណាំង​សព្វាវុធ​កាន់តែខ្លាំង​ឡើង បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​សង្គ្រាមត្រជាក់ ក្នុងន័យនេះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ​ពិត​ជាមាន​សារៈសំខាន់​។ សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​ឯក​ឧ​ត្ត Goh Si Hou អំពី​នយោបាយ​របស់​កម្ពុជា​គឺ​ប្រជាពលរដ្ឋ​គឺជា​ខឿន​ការពារជាតិ​កម្ពុជា កងទ័ព​មាន​តួនាទី​សំខាន់​ក្នុងការ​ការពារជាតិ ក៏ប៉ុន្តែ​ក្រៅពីនេះ​កងទ័ព​កម្ពុជា ក៏មាន​តួនាទី​ចូលរួម​ក្នុង​ការជួយ​បង្កបង្កើនផល ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​ដែលមាន​គ្រោះ​អន្តរាយ និង​ចូលរួម​ការថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ទៀតថា សម្ដេច​ពុំ​មានការ​ជឿជាក់ថា​ការប្រើ​កម្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​នោះបានទេ ផ្ទុយទៅវិញ​ការចរចា កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ទេ ដែល​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​បាន​។ ក្នុងន័យនេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​ព្រំប្រទល់​កម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង​អាច​ក្លាយជា​ព្រំប្រទល់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ លើសពីនោះ​ទៅទៀត​គឺ​ការកែប្រែ​តំបន់​ដែល​ធ្លាប់ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅជា​តំបន់​ទីផ្សារ និង​ការអភិវឌ្ឍ​៕ ដោយ​៖​កូ​ឡាប​