ប្រជាជនជប៉ុន ៣នាក់ក្នុងចំណោម ២០០នាក់ ដែលត្រូវបានអាជ្ញាធរដឹកតាមយន្តហោះដើម្បីជម្លៀសចេញពីប្រទេស មានផ្ទុកវីរុសកូរ៉ូណា (Coronavirus)។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកទាំង ៣នាក់នោះ បានធ្វើដំណើរតាមជើងយន្តហោះដំបូងមកដល់ប្រទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះ។
ប៉ុន្តែក្នុងចំណោមពួកគេ មានតែ ២នាក់ប៉ុណ្ណោះ ដែលបង្ហាញរោគសញ្ញានៃវីរុសមរណៈនោះ។
ការរកឃើញអ្នកឆ្លងថ្មី ៣ករណីនេះ ធ្វើឲ្យប្រទេសជប៉ុនមានអ្នកឆ្លងវីរុសដ៏សាហាវនេះ កើនឡើងដល់ចំនួន ១១នាក់ ដែលក្នុងនោះ មាន ២នាក់បានឆ្លងវីរុស ដោយមិនដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនសោះ។
នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានថ្លែងប្រាប់សភាជិកសភាជប៉ុនថា អ្នកទាំង ៣នាក់នោះ នឹងត្រូវធ្វើការព្យាបាលនៅក្នុងមន្ទីរវេជ្ជសាស្រ្តពិសេស។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា មានការរីករាលដាលយ៉ាងលឿនមិនគួរឲ្យជឿ ហើយតួលេខចុងក្រោយនៃអ្នកស្លាប់ បានកើនឡើងដល់ ១៧០នាក់ ចំណែកអ្នកឆ្លងលើនដល់ជិត ៨.០០០ករណី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia