ស្ថាបនិកក្រុមហ៊ុន Alibaba និងជាមហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសចិន លោក Jack Ma បានបរិច្ឆាគប្រាក់ចំនួន ១៤,៤លានដុល្លារទៅឲ្យមូលនិធិរបស់លោកក្នុងការជួយបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលកំពុងផ្ទុះនៅក្នុងប្រទេសចិន និងរីករាលដាលយ៉ាងលឿនទូទាំងពិភពលោក។
មហាសេដ្ឋីខាងលើបានផ្តល់ប្រាក់ចំនួន ៥,៨លានដុល្លារដល់ស្ថាប័នស្រាវជ្រាវ ២របស់ចិន ខណៈដែលប្រាក់នៅសល់នឹងត្រូវប្រើប្រាស់ ដើម្បីគាំពារដល់វិធានការការពារ និងព្យាបាល។ នេះបើតាមការបញ្ជាក់របស់មូលនិធិរបស់លោក។
ក្រៅពីក្រុមហ៊ុន Alibaba មានក្រុមហ៊ុនបច្ចេកវិទ្យាចិនជាច្រើនទៀត ដែលបានបរិច្ឆាគថវិកា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ក្រុមហ៊ុនទាំងនោះមានដូចជា Huawei, Tencent, BIDU និង TikTok ជាដើម។
សូមបញ្ជាក់ថា អ្នកវិទ្យាសាស្រ្តនៅអាមេរិច និងចិន កំពុងតែចាប់ផ្តើមបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណាហើយ។ ប៉ុន្តែវាប្រហែលត្រូវការពេលយូរជាងមួយឆ្នាំ ដើម្បីបង្កើតវ៉ាក់សាំងបាន។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិតអាមេរិច Anthony Fauci ដែលជានាយកនៃវិទ្យាស្ថានជំងឺឆ្លង និងអាឡែកស៊ីរបស់អាមេរិច។
តួលេខចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់ចំនួន ១៧០នាក់ ខណៈការឆ្លងមានជិត ៨.០០០ករណីទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN