ភ្នំពេញ៖ កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនជនរួមជាតិទូទាំងប្រទេសឲ្យបានជ្រាបថា មកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ។
សម្តេចតេជោ បានថ្លែងថា ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនយកចិត្តទុកដាក់ចំពោះអនាម័យខ្លួនឯងឲ្យបានខ្ពស់ ហើយត្រូវមានម៉ាស់ (Mask) ទុកប្រើនៅទីកន្លែងណាដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណដៃជើងឲ្យបានស្អាតល្អជាប្រចាំ ដើម្បីចៀសវាងការឆ្លងរោគខាងលើ និងរោគផ្សេងៗ។
សម្តេចតេជោ បានថ្លែងថា ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។
សម្តេចតេជោបានថ្លែងថា បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហាពិតប្រាកដ តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះបញ្ជាក់ជូនថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើត នៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺវីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុងវូហាន នៃប្រទេសចិននោះទេ។
សម្តេចតេជោ បានថ្លែងថា តើរហូតមកដល់ពេលនេះ មានមនុស្សណាម្នាក់ នៅក្នុងប្រទេសកម្ពុជា បានស្លាប់ដោយជំងឺរលាកផ្លូវដង្ហើមថ្មីនៅក្នុងទឹកដីកម្ពុជាហើយឬនៅ? ចុះម្តេចហេតុអ្វីបានមានពលរដ្ឋខ្មែរមួយចំនួន មានសម្ពាធផ្លូវអារម្មណ៍ខ្លាំងម្ល៉េះ? ដូច្នេះជំងឺពិតប្រាកដគឺជាជំងឺភ័យខ្លាចហួសហេតុដែលហួសពីការពិត បន្ថែមដោយការបំពុលព័ត៌មានដែលខ្វះការទទួលខុសត្រូវ ដែលជាប្រភេទនៃការបំពុលសង្គម។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ស្តីបន្ទោស ទៅដល់អ្នកសារព័ត៌មានមួយចំនួនដែលគ្មានជំនាញវិជ្ជាជីវៈ និងអ្នកលេង ហ្វេសប៊ុកមួយចំនួន ដែលបានផ្សព្វផ្សាយអំពីជំងឺផ្លូវដង្ហើមថ្មី ដោយមិនមានប្រភពច្បាស់លាស់ បណ្តាលឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយបានបង្គាប់ដល់ក្រសួងព័ត៌មាន ឱ្យត្រួតពិនិត្យមើលវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងមានវិធានការចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕ ដោយ៖កូឡាប