ខេត្តឧត្តរមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាជ័យ ដឹកនាំដោយ លោក លី ឡាដា មេបញ្ជាការរងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ លើករណីឃាតកម្ម នៅចំណុចភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
ជនសង្ស័យទាំង ២នាក់ មានឈ្មោះ បឿន សុភ័ក្រ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងសិប្បកម្ម រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង ឈ្មោះ ឌី ចំរ៉ុង ប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអូរសោម ឃុំ -ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានចាប់យកវត្ថុតាង ពីជនសង្ស័យ ដែលធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ដោយប្រើកាំបិតចុងស្រួច។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ និងវត្ថុតាង កាំចុងស្រួច១ ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ កុសល្យ