បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រត្បាល់ ១០០មីលីម៉ែត្រ DKZ ៧៥ មីលីម៉ែត្រ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងរបស់កងពលតូចថ្មើរជើងលេខ៥២ បានធ្វើឡើងនៅព្រឹកថ្ងៃ៣០មករានេះ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ដែលស្ថិននៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានស្នើឲ្យគ្រប់បណ្តាកងឯកភាពអង្គភាពយកចិត្តដាក់ និងអនុវត្តឱ្យបានច្បាស់លាស់ធ្វើការពន្យល់ណែនាំក្តាប់សតិអារមណ៍យោធិនឱ្យបានជាប់ជាប្រចាំ កុំឱ្យបាត់ម្ចាស់ការ ដោយសារការបំពាក់មនោគមន៍វិជ្ជា ការទាញអារម្មណ៍ និងការទាញទឹកចិត្ត ដោយត្រូវ ពង្រឹងការអប់រំសតិអារម្មណ៍ និងការពង្រឹងជំហរ ឱ្យបានជាប់ជាប្រចាំ ហើយកុំឱ្យបញ្ហាតូចតាចគ្របដណ្តប់លើបញ្ហារួម គឺការថែរក្សាសន្តិភាព និងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។ ចំពោះការលើកទឹកចិត្តផ្សេងៗ រដ្ឋាភិបាលតែងបានខិតខំយកចិត្តទុកដាក់ជាប់ជានិច្ច។ ក្នុងឳកាសនោះដែរ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងពីនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមប្រដាប់អាវុធ សង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ដែលអូសបន្លាយរាប់ទសវត្សរ៍ ក្នុងនោះ ខ្មែរទាំងអស់គ្រប់ភាគីសុទ្ធសឹងជាជនរងគ្រោះ។ បច្ចុប្បន្ននេះ សង្គ្រាមបានបញ្ចប់ហើយ ប៉ុន្តែ បើយើងមិនយកចិត្តទុកដាក់ទប់ស្កាត់សង្គ្រាមចិត្តសាស្ត្រ នោះវានឹងអាចជាគ្រោះថ្នាក់រាលដាលដល់សង្គ្រាមប្រដាប់អាវុធសារថ្មីទៀត។ ជាមួយគ្នានោះដែរ លោកក៍បានលើកឡើងពីតម្លៃសន្តិភាព ដែលកើតឡើងពីការធ្វើពលិកម្មអាយុជីវិតច្រើនណាស់។ នៅពេលមានសន្តិភាព តម្លៃនៃសន្តិភាពអាចនឹងត្រូវបានបំភ្លេច ឬមើលរំលងធ្វើឱ្យឆាប់ស្តាប់គេ, ឆាប់ជឿគេ, និងឆាប់ជ្រុលជ្រួស។ ដូច្នេះនៅពេលកំពុងរស់នៅក្នុងសុខសុភមង្គលនេះ យើងត្រូវអរគុណសន្តិភាព, ត្រូវស្គាល់តម្លៃនៃសន្តិភាព និងថែរក្សាកុំឱ្យបាត់ទៅវិញ ដោយសារបញ្ហាតូចតាចដែលយើងអាចដោះស្រាយបាន។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងអាចបាត់បង់អ្វីបាន ប៉ុន្តែយើងមិនអាចបាត់បង់ការទុកចិត្តគ្នា, ការស្រឡាញ់គ្នា និងការប្តេជ្ញាចិត្តការពារសន្តិភាព។ សន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំមិនបាត់បង់ឡើយ៕ដោយ៖កូឡាប