ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីបុរសជនជាតិចិនម្នាក់ស្លាប់ នៅចំណុចសណ្ឋាគារ យ៉ា ចឺក ពាណិជ្ជ មានទីតាំងនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ សមត្ថកិច្ច និងសាក្សី បានអះអាងថា មុនពេលជនរងគ្រោះស្លាប់ គេឃើញជនរងគ្រោះអង្គុយបែរខ្នង នៅលើមាត់បង្អួចសណ្ឋាគារកំពស់ ៣ជាន់ បានប្រហែលជា ២ ទៅ ៣នាទី ក៏ប្រលែងដៃចេញពីបង្អួច រួចក៏ទម្លាក់ខ្លួនចុះក្រោម។
លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការរដ្ឋាននគរបាលខេត្ត បានសន្និដ្ឋានថា ជនរងគ្រោះ (សាកសព) អាចស្លាប់ ដោយសារការធ្វើអត្តឃាត។
បច្ចុប្បន្ន សាកសព បានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា បុរសជនជាតិចិន ដែលរងគ្រោះដល់បាត់បង់អាយុជីវិតម្នាក់នេះ គេឃើញស្លាប់ដេកនឹងដី កាលពីម៉ោងជាង ១យប់ ឆ្លងចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចបរិវេណសណ្ឋាគារ យ៉ា ចឺក ពាណិជ្ជ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
នគរបាល បានអោយដឹងថា សាកសពជនរងគ្រោះមាន ឈ្មោះ LIN JIARONG ភេទ ប្រុស ឆ្នាំកំណើត ១៧-១០-១៩៨៤ សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩០០៥៣៦៨៣ សុពលភាពថ្ងៃទី១៣-០៣-២០២៧ មានទិដ្ឋាការលេខ EI ០១១៦៤៣៣៨ សុពលភាពថ្ងៃទី១៧-០៥-២០១៨៕ ដែន សីមា