ខេត្តព្រះសីហនុ៖ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ បានឃាត់រថយន្ត ៤គ្រឿង បើកបរដោយជនជាតិចិន ដែលគ្មានប័ណ្ណបើកបរ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីបន្តអនុវត្តនីតិវិធីអោតស្របតាមច្បាប់។
សមត្ថកិច្ច បានអោយដឹងថា ការឃាត់រថយប្តជនជាតិចិនទាំង ៤គ្រឿងខាងលើ បានធ្វើឡើងតាមបទបញ្ជា លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលចេញបទបញ្ជាដល់កងកម្លាំងនគរបាលក្រោមការ អោយបន្តចុះរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក អោយបានជាប្រចាំ ទៅលើគ្រប់អ្នកបើកបរយានជំនិះគ្រប់ប្រភេទ តាមផ្លូវសាធារណៈ ជាពិសេសនាទីប្រជុំជន ក្នុងក្រុងព្រះសីហនុ។
ទាក់ទិនបញ្ហានេះ លោក អុី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ បានអោយដឹងដែរថា ក្រៅពីឃាត់រថយន្តបើកបរដោយជនជាតិចិនទាំង ៤គ្រឿង នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នគរបាលក៏បានត្រួតពិនិត្យចំពោះអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព នៅលើវិថីឯករាជ្យ ត្រង់ចំណុច ស្តុបតូតាល់ នាក្រុងព្រះសីហនុ។ បន្តថា ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជាលទ្ធផលរកឃើញអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាពចំនួន ១៨៨នាក់ ដោយបានផាកពិន័យពិន័យតាមច្បាប់។ ក្នុងនោះ អ្នកបើកបរម៉ូតូ គ្មានកញ្ចក់មើលក្រោយមានចំនួន ២២គ្រឿង ។ អ្នកបើកបរម៉ូតូមិនគោរពភ្លើងស្តុបម្នាក់ និង រថយន្តបិទកញ្ចក់ខ្មៅចំនួន ១គ្រឿង ផាកពិន័យតាមច្បាប់កំណត់៕ ដែន សីមា