ភ្នំពេញ៖ ករណីមន្ត្រីខិលខូចនៅខេត្តរតនគិរី ឃុបឃិតគ្នាយកចំការកៅស៊ូ ដែលជាទ្រព្យសម្បត្តិរបសរដ្ឋយកទៅលក់ ហើយលួចយកដីរបស់ពលរដ្ឋ មកបំពេញវិញ ត្រូវបាន រាជរដ្ឋាភិបាលចេញ សជណ ដាក់វិធានការ តបតាមរបាយការណ៍លម្អិត ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានស្រាវជ្រាវស៊ើបអង្កេតឃើញ ។
លោកវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានឲ្យដឹងនៅថ្ងៃទី៣១ខែមករានេះថា ករណីនេះ ចំការកៅស៊ូរបស់រដ្ឋនៅស្រុកផ្សេង ហើយគេយកលក់អស់ បន្ទាប់មកគេដើរយកដីពលរដ្ឋ នៅស្រុកផ្សេងមកបំពេញ បន្លំភ្នែកបិទបាំងមិនអោយរដ្ឋាភិបាលដឹង។
សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ករណីការចុះបញ្ជីសុរិយាដី និងចេញប័ណ្ណដោយយកចំការកៅស៊ូ រប៉ាត់រប៉ាយរបស់ប្រជាពលរដ្ឋរស់នៅស្រុកបរកែវ និងស្រុកអូរជុំ ដែលស្ថិតនៅក្រៅប្លង់វិនិយោគរបស់ក្រុមហ៊ុន តាយ សេង ទៅដាក់បញ្ចូលក្នុងដីចំការកៅស៊ូឡាបានសៀក ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី៕ដោយ៖កូឡាប