ភ្នំពេញ៖ ដើម្បីបន្តដោះស្រាយតម្រូវការទឹក នៅតាមទីជនបទដាច់ស្រយាល នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារ (ដប់ម៉ឺនប្រាំបីពាន់បួនរយប៉ែតសិបបួនដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៨៥០គ្រួសារ (ស្មើមនុស្ស ៣.០៥៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលប្រឈមនឹងកង្វះទឹកក្នុងរដូវប្រាំង ក្នុងនោះ អណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១៩អណ្តូង សម្រាប់ខេត្តព្រះវិហារ។ នេះបើតាមការប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១.៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២.៨៥៨គ្រួសារ ស្មើមនុស្ស ១០.៧៦៩នាក់៕ ដោយ៖កូឡាប