ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានជម្រើសអ្វីក្រៅពីបន្តការប្តេជ្ញាចិត្ត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហរនយោបាយតាមរយៈការបើកចំហ និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធនានានៅក្នុងសង្គម ។ សម្តេចថា គិតត្រឹមឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចំនួន ៥.៥៦៤ ក្នុងនោះ សមាគម ២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល ៣.៣១៦។
ក្នុងវេទិកាលើកទី៤ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា អង្គការសង្គម ស៊ីវិលក៏បានចូលរួមធ្វើសកម្មភាព ក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋ ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថានជាដើម។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប៥.៥៦៤ ក្នុងនោះសមាគមចំនួន ២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៣១៦។
សម្ដេចក្រឡាហោម ស ខេង បន្ដថា បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចូលជាធរមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប៩៦៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះសមាគមចំនួន៤៧១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៩៥។
ដោយឡែក នៅក្នុងឆ្នាំ២០១៩នេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣៨ ត្រូវបានលុបឈ្មោះចេញពីបញ្ជី តាមសំណើរបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ទោះបីជាយ៉ាងនេះក្តី ក៏ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកថ្មីប្រចាំខែនីមួយៗមិនមានការថយចុះឡើយ ដែលជាមធ្យមក្នុងមួយខែមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប្រហែលចំនួន២០។
លើសពីនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញជាទូទៅថា ការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋាន មានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតនោះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ហាក់មានការយល់ដឹងច្រើន និងផ្ដល់កិច្ចសហការកាន់តែច្រើនឡើងជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។
យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម នាយករដ្ឋមន្រ្តីស្តីទី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបន្តការប្តេជ្ញាចិត្ត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហរនយោបាយតាមរយៈការបើកចំហ និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធនានា នៅក្នុងសង្គម ក្នុងដំណើរការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះឡើយ៕ដោយ៖កូឡាប