ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្សាយព័ត៌មានថា នាថ្ងៃទី២ ខែកុម្ភៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានបទសម្ភាសន៍ជាមួយសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា ស្តីពីស្ថានភាពបច្ចុប្បន្ននៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី និងវិធានការទប់ស្កាត់គ្រប់គ្រងជំងឺប្រភេទនេះនៃភាគីចិន និងព្រមទាំងសំណួរចម្លើយផ្សេងទៀត។
លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើង បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិនបានចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងយ៉ាងឆាប់រហ័សប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងតឹងរ៉ឹងបំផុត ហើយក៏ទទួលបានសមិទ្ធផលប្រកបដោយប្រសិទ្ធភាព និងការទទួលស្គាល់ ព្រមទាំងការកោតសរសើរយ៉ាងច្រើន ពីអង្គការសុខភាពពិភពលោក និងបណ្តាសង្គមលើឆាកអន្តរជាតិផងដែរ។ ភាគីចិននៅតែបន្តរក្សាកិច្ចសម្របសម្រួល ទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីស្វែងរកយ៉ាងទាន់ពេលវេលា និងបំបែកព្យាបាលក្រោយពីពិនិត្យឃើញមានការផ្ទុកនូវប្រភេទជំងឺនេះ នៅក្នុងប្រទេសកម្ពុជា នឹងបន្តការប្រកាន់ភ្ជាប់នូវឥរិយាបថបើកចំហ តម្លាភាព និងទំនួលខុសត្រូវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងជំងឺវីរុសនេះ ជាមួយប្រទេសដែលពាក់ព័ន្ធ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្មីៗនេះបានថ្លែងមតិតាមរយៈទូរទស្សន៍ទូទាំងប្រទេសថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងឈរយ៉ាងមុតមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសប្រភេទថ្មីនេះ និងឆ្លងទុក្ខលំបាកនេះជាមួយគ្នា។ នេះបានបង្ហាញពីប្រទេសកម្ពុជាជា “មិត្តដែកថែប” នៃប្រទេសចិនយ៉ាងពិតប្រាកដមែន និងពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា” យ៉ាងពិតប្រាកដ។
លោក ឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា ជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា អាចទប់ស្កាត់បាន អាចគ្រប់គ្រងបាន អាចព្យាបាលបាន។ យើងជឿជាក់ថា ស្ថិតនៅក្រោមការដឹកនាំដ៏មុះមុតនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តម ប្រធានាធិបតីចិន Xi Jinpingជាស្នូល ការសាមគ្គីរួមគ្នារបស់ប្រជាជនចិនទាំងកម្លាំងកាយ និងចិត្ត ប្រាកដជាអាចប្រយុទ្ធប្រឆាំងជាមួយនឹងស្ថានភាពជំងឺមួយនេះ ប្រកបដោយភាពជោគជ័យក្នុងពេលឆាប់ៗនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងពិភពលោកមានទំនុចចិត្ត។
គ្រប់ស្រទាប់វណ្ណៈក្នុងប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់របស់ភាគីចិន ហើយបានសរសើរថា បទសម្ភាសន៍របស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រកបដោយខ្លឹមសារសំខាន់ៗសម្រាប់ការស្វែងយល់ពីស្ថានភាពជំងឺវីរុស និងកិច្ចពង្រឹងលើការទប់ស្កាត់ ជូនដល់ភាគីកម្ពុជា។ កម្ពុជាមានជំនឿចិត្តយ៉ាងមុតមាំលើភាគីចិន និងបានជូនពរប្រទេសចិនយកជម្នះ លើស្ថានភាពជំងឺវីរុសនេះ ដោយជោគជ័យក្នុងពេលឆាប់ៗនេះ៕ដោយ៖កូឡាប