កូរ៉េ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងធ្វើដំណើរទៅទីក្រុងវ៉ូហាន ខេត្តហ៊ើប៉ី ប្រទេសចិន ដើម្បីសួរសុខទុក្ខជនជាតិខ្មែរដែលរស់នៅទីនោះ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។
ថ្លែងសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនៅរសៀលថ្ងៃទី៣កុម្ភៈនេះ សម្តេចហ៊ុន សែន បានថ្លែងថា លោកនឹងធ្វើដំណើរទៅទីក្រុងវ៉ូហាន ជាទីផ្ទុះវីរុសរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូរ៉ូណា ។
សម្តេច ហ៊ុន សែន បានថ្លែងថា «ហើយមិនបាច់ចាំឌឺទេ ចូលមើល Comment (មតិយោបល់) ឡើងវិញទៅ ព្រោះគេនិយាយមិនធ្ងន់ទេ ប៉ុន្តែគេឌឺ។ គេថា លោក ហ៊ុន សែន យកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់ទីកន្លែង គាត់នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវ៉ូហាន។ ឥលូវឆ្លើយត្រលប់ទៅវិញ អញនឹងទៅ ឱ្យតែខាងរដ្ឋាភិបាលចិនផ្តល់ឱកាសឱ្យទៅ។ ត្រលប់ពីហ្នឹងទៅវិញ មិនទាន់ទៅប្រទេសក៏បានដែរ ចុះទៅវ៉ូហានតែម្តង។ សាកល្បងទាក់ទងមើល»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ បើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនចាំបាច់ឌឺជាមួយហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិ បញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ រឿងអ្វីដែល ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ»។
ទីក្រុងវូហាន ប្រទេសចិន គឺជាទីតាំងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី (កូរ៉ូណា) មុនគេបង្អស់។ ប្រភពនៃជំងឺនេះ មិនទាន់មានការស្រាវជ្រាវ និងបញ្ជាក់ពិតប្រាកដនៅឡើយទេ ខណៈដែលអ្នកស្លាប់កើនឡើងដល់ ៣៦២នាក់ និងឆ្លងជំងឺនេះចំនួន ១,៧ម៉ឺននាក់ ព្រមទាំងរីករាលដាលដល់២៤ប្រទេស នៅទូទាំងពិភពលោក។
សម្តេចតេជោបានជំរុញឲ្យមន្ត្រីរបស់សម្តេចទាក់ទង សួរនាំនៅកាន់ភាគីចិន ដើម្បីសុំទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីភាពមិនចាំបាច់ដែលត្រូវជម្លៀសប្រជាជនខ្មែរពីប្រទេសចិន ខណៈដែលភ្ញៀវទេសចរពីប្រទេសចិនទៅប្រទេសដទៃទៀត នៅតែបន្តធ្វើដំណើរកម្សាន្តជាធម្មតា។
សម្តេចបានលើកឡើងថា តើរហូតមកដល់ពេលនេះ មានប្រជាជនខ្មែរណាម្នាក់បានឆ្លងជំងឺវីរុសកូរ៉ូណាហើយឫនៅ។ រហូតតមកដល់ពេលនេះ មានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ នៅក្នុងកម្ពុជាដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយទាល់តែព្យាបាលជាត ទើបអនុញ្ញាតឱ្យចេញទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីរឿងរ៉ាវរបស់ប្រទេសកូរ៉េទាំងពីរ កាលពីឆ្នាំ២០១៣-២០១៤ ដែលពេលនោះ កូរ៉េខាងជើង បានស្នើឱ្យសម្តេចដកទូត និងប្រជាជនចេញពីទីក្រុងព្យុងយ៉ាង ហើយពេលនោះ ឪពុកម្តាយរបស់ពលករខ្មែរមានការភ័យខ្លាច និងទាមទារឱ្យជម្លៀសពលករខ្មែរនៅកូរ៉េខាងត្បូងផង។ សម្តេចបានបង្ហាញការថ្លឹងថ្លែងថា បើដឹកចេញពេលនោះ តើពលករខ្មែរអាចទៅធ្វើការនៅប្រទេសកូរ៉េវិញបានទេ? ហើយបើចេញមកប្រទេសកម្ពុជា នឹងបាត់ឱកាស ព្រោះប្រទេសកូរ៉េខាងត្បូង នឹងមិនទទួលយកពលករខ្មែរវិញទេ។ ដោយឡែកសម្រាប់រដ្ឋាភិបាលចិន ក៏អាចនឹងប្រកាន់យកឥរិយាបទបែបនោះដែរ។
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំចង់ធានាសុវត្ថិភាពឱ្យបានច្បាស់ ហើយធានាថា យើងនៅរួម គេទទួលខុសត្រូវចំពោះយើង។ បើតាមខ្ញុំដឹងនៅវូហាន គេបានបង្កើតកម្មវិធីបង្រៀនតាមអនឡាញ ការរៀនតាមអនឡាញ ដើម្បីកុំឱ្យស្ទះទៅដល់ការរៀនសូត្ររបស់និស្សិតទាំងនិស្សិតខ្មែរ និងនិស្សិតចិន អញ្ចឹងគេយកនិស្សិតយើងដាក់ក្នុងការការពារមួយយ៉ាងខ្ពស់ រួចហើយបង្រៀនតាមអនឡាញ។ អញ្ចឹងប្រសិនបើយើងជម្លៀសនិស្សិតយើងចេញពីវូហាន ឬចេញពីប្រទេសចិន សួរថាតើគាត់អាចរៀនទាន់គេទេ នេះសំណួរទី១ ប៉ុន្តែធ្ងន់ជាងនេះ បើយើងចាកចេញមក តើចិននឹងអនុញ្ញាតឱ្យទៅរៀនវិញទេ នេះជាចំណុចដែលយើងត្រូវពិចារណាជាកញ្ចប់»។
សម្តេចតេជោ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅកូរ៉េ នឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះ។
ការឆ្លើយតបរបស់សម្តេច ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីលោកថ្លែងបញ្ជាក់ពីការមិនបិទជើងយន្តហោះ និងជម្លៀសពលរដ្ឋពីប្រទេសចិន ដោយថា ដើម្បីរក្សាសេដ្ឋកិច្ច និងនយោបាយល្អរវាងកម្ពុជាចិន។ ក្រោយពីមានការបញ្ជាក់នេះ ត្រូវបានអ្នកបញ្ចេញមតិក្នុងហ្វេសបុកមួយចំនួននាំគ្នារិះគន់ការសម្រចចិត្តរបស់លោក។
ជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្ដាលមកពីវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងវ៉ូហាន ក្នុងខេត្តហ៊ើប៉ី ប្រទេសចិន ដែលវីរុសនេះត្រូវបានអង្គការសុខភាពពិភពលោកប្រកាសដាក់ភាពអាសន្នកាលពីចុងសប្ដាហ៍មុន ក្រោយពីវាបានសម្លាប់មនុស្សរាប់រយនាក់ ខណៈអ្នកឆ្លងកើនដល់ជិត ២ម៉ឺននាក់៕ ដោយ ៖ កូឡាប