ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោប់ បានរងការគំរាមសម្លាប់។
លោក ពេជ្រ ស្រស់ ត្រូវបានគំរាមសម្លាប់ក្រោយពីរូបលោកបានស្នើរដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនការចាប់ខ្លួនឃាតករ មកដាក់ទោស តាមច្បាប់ ឲ្យឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅ
ដល់ប្រជាពលរដ្ឋខ្មែរ និងធានាឲ្យបាន ការអនុវត្តច្បាប់ តម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ដោយលោកបានលើកឡើងថា«ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹងក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការអនុវត្តច្បាប់ មិនតម្លាភាព គឺបង្កើតឲ្យមានភាពអយុត្តិធម៌កើតឡើងលើជនរងគ្រោះ និង សង្គមជាតិទាំងមូល ហើយករណីឃាតកម្មប្រើអាវុធលើគូរដណ្តឹងនេះ គឺជាអំពើឃោឃៅព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពីការប្រើប្រាស់អាវុធដោយសេរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ មិនគួរបណ្តោយឲ្យជនល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេ វាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើការអនុវត្តច្បាប់ និង សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយហេតុថា ការបណ្តោយឲ្យឃាតករមានសេរីភាព ដូចព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុងតែរស់នៅអញ្ចឹងឯង។ រូបខ្ញុំមិនជឿថា កម្លាំងនគរបាលយុត្តិធម៌អសមត្ថភាពចាប់ឃាតករនោះទេ ពីព្រោះមុខមាត់ និងអត្តសញ្ញាណរបស់ឃាតករគឺបានបង្ហាញជាសាធារណៈហើយ ចុះហេតុអ្វីបានជាចាប់មិនបានទៀត ឬឃាតករមានអ្នកតាមានឬទ្ធិមកបំបាំងកាយ.?»។
ក្រោយការស្នើររបស់លោក ពេជ្រ ស្រស់ យ៉ាងដូច្នេះ មិនបានប៉ុន្មានម៉ោងផង ក៏មានអាខោន Facebookឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ ដោយចូលមកខមិនក្នុង Facebook លោកថា«អាចុយម្រាយ កុំចេះដឹងព្រយ័ត្នងាប់»។
យ៉ាងណាលោក ពេជ្រ ស្រស់ មិនញញើតលើការគំរាមនេះឡើយ ដោយលោកបានលើកឡើងថា«
រូបខ្ញុំមិនដែលខ្លាចស្លាប់ទេ ប៉ុន្តែខ្ញុំក៏មិនចុះចាញ់ពពួកអាក្រក់ដែរ»។
លោកថា គេហ៊ានដល់ថ្នាក់ចង់សម្លាប់ខ្ញុំហើយ គ្រាន់តែខ្ញុំបបួលគេ ឲ្យមកប្រយុទ្ធគ្នានៅទីភ្លឺ តើខ្ញុំខុសដែរ?បើធ្វើមេដឹកនាំរបស់គេបែរជាកំសាកញីនោះ ពិតជាគ្រោះមហន្តរាយដល់កូនចៅហើយ។ ម្យ៉ាងវិញទៀតខ្ញុំបបួលគេវាស់ដីបាញ់គ្នានេះ គឺខ្ញុំនិយាយជាភាសារទាហ៊ានគឺមិនមែននិយាយភាសារនយោបាយនោះទេ ដូច្នេះការប្រកាសពីជំហរមិនខ្លាចពួកអាក្រក់ គឺជាឥរិយាបទរបស់មេដឹកនាំក្រុម ឬមេដឹកនាំអង្គភាព គឺជាការប្រកាសការទទួលខុសត្រូវលើវាសនារបស់កូនចៅនៅក្រោមឱវាទ។ ហើយខ្ញុំក៏បានបញ្ជាក់ទៀតថា ៖ អ្នកដែលគំរាមសម្លាប់ខ្ញុំនោះអាចលេងជាមួយខ្ញុំតាមផ្លូវវាស់ដីបាញ់គ្នាក៏បាន ឬលេងជាមួយខ្ញុំតាមផ្លូវច្បាប់ ក៏បាន ។ខ្ញុំសុំបញ្ជាក់សារជាថ្មីថា ៖ ខ្ញុំមិនមែនប្រភេទមេដឹកនាំកំសាកញីនោះទេ ។
លោកថា មានអាខោនFacebookមានឈ្មោះវណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ខ្ញុំ ក្រោយខ្ញុំស្នើដល់ឯកឧត្តមនេត សាវឿន ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លងទៅនោះ សារគំរាមសម្លាប់ខ្ញុំនេះគឺឆ្លុះបញ្ចាំងឲ្យឃើញថាខ្សែរបស់ឃាតករមិនណយទេ ទើបចាប់មិនបានសោះដូច្នេះដើម្បីសុវត្ថិភាពខ្ញុំផ្ទាល់ខ្លួនគឺខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីស្រាវជ្រាវអ្នកគំរាមសម្លាប់ខ្ញុំ និងដើម្បីធានានូវសុវត្ថិភាពរបស់ខ្ញុំផង។ រូបខ្ញុំមិនដែលខ្លាចស្លាប់ទេ ហើយខ្ញុំក៏មិនចុះចាញ់ពពួកអាក្រក់ដែរ។
សូមជំរាបថា ពេលនេះលោក ពេជ្រ ស្រស់ បាននិងកំពុងរៀបចំពាក្យបណ្តឹងតាមផ្លូវច្បាប់ដាក់ទៅសមត្ថកិច្ចជំនាញដើម្បីចាត់ការលើជនគំរាមសម្លាប់រូបលោក ហើយលោកមានជំនឿយ៉ាងមុតលើសមត្ថកិច្ចជំនាញ ក្នុងការវែកមុខចាប់ខ្លួនជននេះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖កូឡាប