ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ៧០%ហើយនេះ ធ្វើការចុះបញ្ជីដីធ្លីឲ្យបានសម្រេច100% នៅឆ្នាំ២០២៣ខាងមុខនេះ នៅទូទាំងប្រទេស។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសាទរចំពោះលោក pablo kang ដែលត្រូវបានមកបំពេញបេសកកម្ម ក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបេសកកម្មនេះ គឺស្របពេលដែលប្រជាជនកម្ពុជា កំពុងតែសប្បាយរីករាយ និងសាទរចំពោះការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់សិទ្ធមនុស្ស ព្រមទាំងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគោលបំណងដ៏ធំរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគ អាចស្វែងរកដៃគូសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា បច្ចុប្បន្នក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ៧០%ហើយនេះ ធ្វើការចុះបញ្ជីដីធ្លីឲ្យបានសម្រេច100% នៅឆ្នាំ២០២៣ខាងមុខនេះ នៅទូទាំងប្រទេស។ ដោយឡែកនៅថ្ងៃទី១៣ ខែកុម្ភៈខាងមុខនេះ ក្រសួងក៏នឹងមានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីច្បាប់សំណង់ជូនដល់អ្នកប្រកបអាជីវកម្មសាងសង់ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់ពួកគាត់ ឲ្យបានយលដឹងស៊ីជម្រៅលើច្បាប់ ស្តីពីសំណង់ ហើយលោកជា សុផារ៉ា ក៏បានអញ្ជើញតំណាងស្ថានទូតអូស្រ្តាលី ឲ្យចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ។
លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានជូនពរដល់លោក pablo kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលីថ្មី ឲ្យបំពេញបេសកកម្មក្នុងអាណត្តិការទូតរបស់លោកទទួលបានជោគជ័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក pablo kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលីថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា ដែលបានចំណាយពេលវេលា ជួបសំណេះសំណាលសំដែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។ លោកបានបញ្ជាក់ថា ចំណងកិច្ចសហប្រតិបត្តិការការទូតរវាងអូស្រ្តាលី និងកម្ពុជា គឺមានតាំងពីឆ្នាំ1952មកម្ល៉េះ ដែលរហូតមកទល់បច្ចុប្បន្ននេះ គឺមានរយះពេល68ឆ្នាំហើយ អូស្រ្តាលីនឹងបន្តរក្សាចំណងមិត្តភាពកិច្ចសហប្រតិបត្តិការការទូតនេះ ឲ្យបានរឹងមាំថែមទៀត ស្របតាមគោលនយោបាយរបស់ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា កន្លងមក និងស្របតាមគោលនយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក ឯកអគ្គរដ្ឋទូតបានលើកឡើងថា ទាក់ទិននឹងវិស័យសំណង់ដែលរដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ការជួយគាំទ្រកន្លងមក គឺបច្ចុប្បន្នមានសិក្ខាកាមជាមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងតែទទួលការបណ្តុះបណ្តាល នៅប្រទេសអូស្រ្តាលី ដើម្បីទទួលបានការយល់ដឹងបន្ថែមឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងវិស័យសំណង់នេះផងដែរ។ ជាមួយនេះ លោកpablo kang ក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តក្នុងការរក្សាចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតល្មួត ជាមួយព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យដែលជាតម្រូវការចាំបាច់ ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនឹងបន្តរក្សាកិច្ចសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្របតាមគម្រោងផែនការនានា របស់អតីតឯកអគ្គរដ្ឋទូតអូស្រ្តាលីទើបបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជានោះ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុកជាបន្តទៀតផងដែរ៕ដោយ៖កូឡាប