តាកែវ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចារ ស្រុកព្រៃកប្បាស កាលពីថ្ងៃសៅរិ៍ ទី ៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺមិនដែលរត់ចោលប្រជាជនម្ដងណាឡើយនៅពេលប្រជាជនជួបបញ្ហាលំបាក ពោលគឺតែងតែនៅផ្សារភ្ជាប់ជាមួយនឹងប្រជាជនជន រួមសុខរួមទុក្ខជាមួយនឹងប្រជាជនជារៀងរហូត ។
លោកបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍បន្តថា ជាគោលការណ៍សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ជាពិសេសគឺនៅពេលដែលបងប្អូនជួបទុក្ខលំបាក តែងតែមានវត្តមានរបស់មន្រ្តីរាជការ គ្រប់លំដាប់ថា្នក់ ចាំចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនបោះបង់បងប្អូនប្រជាពលរដ្ឋចោលនោះទេ ។ បច្ចុប្បន្ននេះសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំកំពូលៗ មន្ត្រីរាជការទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ តែងតែរួមសាមគ្គីគ្នាគ្រប់ពេលវេលា ដើម្បីរួមគ្នាក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិជាមួយគ្នា ឲ្យមានការរីកចម្រើន និងរីកលូតលាស់គ្រប់វិស័យ នេះហើយជាសច្ចភាពដែល មិនអាចប្រកែកបានចំពោះស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលនិងប្រជាជនទូទាំងប្រទេស បានព្រួតដៃគ្នាកសាង ប្រទេសដ៏កម្សត់មួយនេះឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់សព្វថ្ងៃនេះ ។
បើតាមលោកបណ្ឌិត ពេជ សោភ័ន មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅក្បែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈនិង នៅតែការពារ និងកសាងប្រទេសជាតិរបស់យើងឲ្យមានមុខមាត់នៅលើឆាកអន្តរជាតិ ដូច្នោះដើម្បីបន្តឲ្យប្រទេសជាតិមានការអភិវឌ្ឍទៅមុខទៀត ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋរស់ក្នុងភាពសម្បូរសប្បាយបែបនេះទៀត សូមបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលគ្រប់អាណតិ្តក្រោយៗទៀត ពីព្រោះមានតែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ ដែលជាអ្នកឃុំគ្រង ថែរក្សា និងការពារ ប្រទេសជាតិ ឲ្យមានសុខសន្តិភាព ពិសេសបានឲ្យធ្វើប្រជាពលរដ្ឋ មានជីវភាពកាន់តែធូរធារឡើង ថែមទៀត ។
សូមបញ្ជាក់ដែរថា ស្នាក់ការរបស់គណបក្យប្រជាជនកម្ពុជាឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដា បានចាប់ផ្ដើមកសាងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណាយថវិកា សរុបចំនួន ១២១.៦៩៦,៧៣ ដុល្លារអាមេរិក៕ដោយ៖ តាកែវ