ភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបង្ហាញខ្លួនជនល្មើសម្នាក់ នៅថ្ងៃទី៩ខែកុម្ភៈនេះ ក្នុងបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា រឹបអូសគ្រឿងញៀនជាង ១៥គីឡូក្រាម។
មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក នាយ ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយ ផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបឬល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីប្រទេសថៃមកកម្ពុជា នៅចំណុចបន្ទប់ជួល(គ្មានលេខ) ផ្លូវលេខ១១៣ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ វត្ថតាងចាប់យក ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 15kg 358.65g , ជញ្ជីងថ្លឹង ២គ្រឿង ម៉ូតូ ១គ្រឿង៕ដោយ៖កូឡាប