តាកែវ៖ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ ត្រឹមរយៈពេលជិត១ម៉ោងតែប៉ុណ្ណោះ ខណៈដែលម្ចាស់ផ្ទះដោតដុយសាកថ្ម Power Bank ចោលនៅក្នុងផ្ទះរួចចេញទៅធ្វើការបាត់ ។
លោកមេភូមិចក បានឲ្យដឹងថា អគ្គិភ័យនេះគឺចាប់ផ្តើមឆេះនៅវេលាព្រឹកថ្ងៃអង្គារ ទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីព្រឹក គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជាប់គ្នាចំនួន ៣ខ្នង ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង មិនមានអ្វីយកចេញបាននោះទេ ព្រោះស្ថានភាពអគ្គិភ័យឆេះខ្លាំង និងលឿនដោយសារផ្ទះធ្វើពីឈើ ប្រក់សង្ក័សី ទំហំ ៥គុណ ៦ម៉ែត្រ និងមានផ្ទុះធុងហ្គាសចម្អិនអាហារក្នុងផ្ទះថែមទៀត ទើបធ្វើឲ្យការឆាបឆេះនេះ មានការាដាលលឿនបែបនេះ តែយើងឃើញថាកម្លាំងសមត្ថកិច្ចនគរបាលក្រុងដូនកែវ បានចុះអន្តរាគមន៍ ប្រើប្រាស់រថយន្តអគ្គិភ័យបាញ់ទឹកពន្លត់ដែរ តែជួយមិនទាន់ ។
លោកអធិការរងក្រុងដូនកែវ បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ គឺយើងទទួលបានព័ត៌មានយឺតពេលបន្តិច ដោយសារម្ចាស់ផ្ទះ មានការភ័យ និងទម្រាំផ្តល់ព័ត៌មានមកសមត្ថកិច្ចមានការហួសពេលទៅហើយ ។ លោកបន្តថា ការគ្រប់គ្រងលើស្ថានការនេះបាន គឺនគរបាលរបស់យើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ទើបអាចគ្រប់ស្ថានការអគ្គិភ័យនេះបាន បើមិនដូច្នេះទេ អាចនឹងឆេះរាលដាលបន្តទៀត ។ ក្នុងសមត្ថកិច្ចក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលខែក្តៅនេះ ទៅលើភ្លើងទាន ធូប ជាពិសេសការប្រើប្រាស់ប្រព័ន្ធអគ្គិសនីនេះតែម្តង នៅពេលចេញក្រៅផ្ទះគួរមានការបិទបារ៉ែតភ្លើងសិនមុននិងចេញ និងដកដុយសារថ្មចេញពីហ្រ្វីភ្លើងឲ្យអស់ ដើម្បីជៀសវាងការកើតមានអគ្គិភ័យជាយថាហេតុ ។
សូមបញ្ជាក់ផងដែរថា ចំបោះការខូតខាតដែលបណ្តាលមកពីការភ្លើងឆេះផ្ទះនេះ គឺខូតខាតផ្ទះប្រជាពលរដ្ឋ ៣ខ្នង ម៉ូតូចំនួន ២គ្រឿង និងសម្ភារនៅក្នុងផ្ទះមួយចំនួនផងដែរ ៕ ដោយ៖តាកែវ