ភ្នំពេញ៖ សម្តេចតេជោ បានបញ្ជាក់ពលរដ្ឋថា បើសិនបើពេលខាងមុខនេះ មានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ន គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។ មិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ នៅតែមួយថ្ងៃមុនសហភាពអឺរ៉ុប ធ្វើសេចក្ដីសម្រេចជុំវិញប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ដែលគ្រោងធ្វើនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០នេះ។
នៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។
តាមរបាយការណ៍របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូលបានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥,៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦,១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍ថា កន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែល ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ផងដែរ អំពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវជាតិនេះ ដែលទន្ទឹងរង់ចាំយ៉ាងយូរនូវថ្ងៃបើកការដ្ឋានសាងសង់ និងផលរំខានពេលដំណើរការសាងសង់នោះ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបរបស់សម្តេចផ្ទាល់ ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ក្នុងនោះសម្តេចបានស្នើឲ្យមិត្តកូរ៉េពិចារណាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ យើងមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដូច្នេះសម្តេចតេជោបានស្នើដល់ភាគីនៃប្រទេសកូរ៉េ ពិចារណាក្នុងសាងស្ពានកម្ពុជា-កូរ៉េ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ទីតាំងដែលតម្រូវចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះ គឺនៅចំណុចពីតំបន់ជ្រោយចង្វា ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ។ សម្តេចតេជោបន្តថា តាមការប៉ាន់ប្រមានស្ពាននេះ អាចចំណាយថវិកាសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។ សម្តេចតេជោ ជាចំនួនមួយតិចតួចបើធៀបនឹងគម្រោងថវិកាដែលកូរ៉េផ្តល់កម្ចីដល់កម្ពុជាចន្លោះឆ្នាំ២០១៩-២០២៣ ដែលមានចំនួនរហូតដល់៧០០លានដុល្លារ។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅអំឡុងខែមីនាខាងមុខ សម្តេចនឹងអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដា ខេត្តពោធិ៍សាត់ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ ពីសំឡូតទៅកោះកុងផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងដោយក្តីមោទនភាព ចំពោះវិធានការទប់ស្កាត់ នៃការរីករាលដាននៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណារីរុស ដែលរហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានអ្នកកើតជំងឺនេះនោះទេ។ ថ្មីៗនេះតាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកថា មានជនជាតិ ហូឡង់ម្នាក់ទៀត កំពុងមានអាការសង្ស័យ ហើយពេលនេះក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់គាត់ និងដាក់គាត់ឲ្យនៅដាច់ដោយឡែក។
សម្តេចតេជោនាយករដ្ធមន្រ្តី បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយ ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួន នៅប្រទេសចិនត្រូវបិទទ្វារដោយសារបញ្ហាជំងឺកូរូណានេះ។ ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះ មានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។ សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន។ សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជាសុខចិត្តទទួលទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចពីប្រទេសក្រៅលើកនេះ។ ហេតុអ្វីបានជាមិនហ៊ានលេង មិនមែនជាសារនយោបាយផ្ចាញ់ផ្ចាលទេ ក៏ប៉ុន្តែ អំពាវនាវឲ្យពលរដ្ឋរបស់យើងកុំឲ្យមានការតក់ស្លុតឲ្យសោះ។ ប្រទេសរបស់យើង យើងជាម្ចាស់ប្រទេស យើងត្រូវមានលទ្ធភាពដោះស្រាយបញ្ហារបស់យើង”។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជាមិត្ត និងជាដៃគូអភិវឌ្ឍន៍ល្អមួយ ក្នុងចំណោមប្រទេសជាមិត្តល្អៗជាច្រើន ដែលបាន និងកំពុងបន្តកិច្ចសហប្រត្តិបត្តិការល្អ ក្នុងការជួយអភិវឌ្ឍវិស័យជាច្រើន។ ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គឺជាការចូលរួមចំណែកដ៏សំខាន់ នៅក្នុងការជំរុញប្រសិទ្ធភាព ផលិតភាព និង កាលានុវត្តភាព នៃសេដ្ឋកិច្ច-សង្គម ដែលនឹងទ្រទ្រង់ដល់ គោលនយោបាយ សមាហរណកម្មផ្ទៃក្នុងដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាព ចរាចរណ៍ ដឹក ជញ្ជូនពីភ្នំពេញ ទៅបណ្តាខេត្តនានា៕ ដោយ៖កូឡាប