ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាការចាប់ផ្ដើមនៃជំនួបនេះ សម្ដេចក្រឡហាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើវិញនូវអតីតកាលដែលកាលពីនៅសម័យប្លុកសហភាពសូវៀត ប្រទេសបេឡារុស បានចូលរួមចំណែកក្នុងដំណើរការកសាង និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយមកដល់ពេលនេះ សម្ដេចបានមានប្រសាន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបេឡារុស ក៏នៅតែមានភាពល្អប្រសើរ។ សម្ដេចសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែមានវឌ្ឍនភាពជាបន្តបន្ទាប់ទៀត។
លោក Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ក៏បានមានប្រសាន៍ជម្រាបសម្ដេចក្រឡាហោម ដោយសម្ដែងសេចក្ដីថ្លែងអំណរគុណសម្ដេច និងចាត់ទុកប្រទេសកម្ពុជាជាប្រទេសមានសារសំខាន់សម្រាប់បេឡារុស ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ជាពិសេសកម្ពុជាជាប្រទេសសមាជិកអាស៊ាន។
លោកក៏បានជម្រាបជូនសម្ដេចអំពីទំនាក់ទំនងដ៏ល្អ រវាងប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់សាធារណរដ្ឋបេឡារុស ហើយបន្ទាប់មកក៏មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបេឡារុស មកកាន់ព្រះរាជាណាចក្រកម្ពុជាដែរ ដែលនេះគឺជាបុព្វហេតុនាំឱ្យភាគីទាំងពីរ ត្រូវតែបន្តពង្រីក និងពង្រឹងបន្ថែមទៀត ពិសេសលើវិស័យសេដ្ឋកិច្ចផ្ទាល់តែម្ដង។
លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបសម្ដេចដែរថា បេឡារុសគឺជាប្រទេសដែលមានជំនាញលើវិស័យឧស្សាហកម្មធុនធ្ងន់ ដែលមួយភាគបីនៃឧស្សាហកម្មធុនធ្ងន់ គឺការផលិតរថយន្តធុនធ្ងន់ បានគ្របដណ្ដប់ទីផ្សារពិភពលោក ហើយនេះគឺជាមូលហេតុមួយដែរ ដែលជំរុញឱ្យលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានជួបជាមួយស្ថាប័នពាក់ព័ន្ធ ស្វែងរកឱកាសបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។
លោកបានបន្តថាបច្ចុប្បន្នេះ បេឡារុស មានរោចក្រផលិតរថយន្តធុនធ្ងន់ នៅប្រទេសវៀតណាម ដោយផ្ដោតលើទីផ្សារតំបន់អាស៊ាន ហើយក៏រំពឹងថានឹងស្វែងរកទីផ្សារបន្ថែមទៀត នៅក្នុងបណ្ដាប្រទេសនានាផ្សេងទៀត ក្នុងតំបន់នេះ ដូចយ៉ាងប្រទេសកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងអបអរសាទរចំពោះវត្តមាន នៃការស្វែងរកឱកាសវិនិយោគ របស់លោកនាពេលនេះ ហើយសម្ដេចបានសម្ដែងការឯកភាព ចំពោះការបន្តពង្រីកបន្ថែមនូវលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ សម្ដេចក៏បានទទួលស្គាល់នូវភាពល្បីល្បាញ ចំពោះឧស្សាហកម្មធុនធ្ងន់បេឡារុស និងគាំទ្រចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា សម្រាប់កម្ពុជា បេឡារុស គឺជាមិត្តចាស់ ដែលកម្ពុជាចាំបាច់ត្រូវបន្តពង្រឹង ពង្រីកទំនាក់ទំនងនេះ។ សម្ដេចក៏បានស្នើលោកពិនិត្យលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃលើវិស័យពាក់ព័ន្ធ នឹងនគរបាលជាតិ។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងការទ្រចំពោះការលើកឡើង របស់សម្ដេច ដែលចង់បង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងកិច្ចការផ្ទៃក្នុងរបស់បេឡារុស ហើយថា តាមរយៈការបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗ ដែលស្របនឹងតួនាទីភាពរកិច្ចរបស់ក្រសួងមហាផ្ទៃ ពិសេសការងារសន្តិសុខជាតិ៕ដោយ៖កូឡាប