មនុស្សចំនួន ៤៤នាក់បន្ថែមទៀតដែលនៅលើនាវាទេសចរណ៍ Diamond Princess នៅសមុទ្រជប៉ុន ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា (COVID-19) ក្រោយពេលអាជ្ញាធរបានយកសំណាករបស់មនុស្សចំនួន ២២១នាក់ទៅពិនិត្យ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Katsunobu Kato នៅថ្ងៃព្រហស្បតិ៍នេះ។
ការរកឃើញអ្នកផ្ទុកវីរុសបន្ថែមនេះ បណ្តាលឲ្យតួលេខនៃអ្នកដែលផ្ទុកវីរុសនៅលើនាវាកើនដល់ចំនួន ២១៨នាក់។
លោករដ្ឋមន្រ្តីសុខាភិបាលបានថ្លែងថា ឥឡូវនេះ អាជ្ញាធរចង់យកមនុស្សចាស់ចេញពីកប៉ាល់ ប្រសិនជាពួកគេធ្វើតេស្តរួច មិនមានផ្ទុកវីរុស និងអោយពួកគេស្នាក់នៅកន្លែងដែលកំណត់ដោយរដ្ឋាភិបាល។
នៅលើកប៉ាល់ទេសចរណ៍ដ៏ធំនោះ មានអ្នកដំណើរសរុបជាង ៣.៧០០នាក់។ ៨០ភាគរយនៃអ្នកទាំងនោះសុទ្ធតែមានវ័យចំណាស់ អាយុចាប់ពី ៦០ឆ្នាំឡើង និងមាន ២១៥នាក់ ស្ថិតក្នុងវ័យ ៨០ និង ១១នាក់ក្នុងវ័យ ៩០។
សូមបញ្ជាក់ថា កប៉ាល់ Diamond Princess ត្រូវបានអាជ្ញាធរជប៉ុនដាក់អោយនៅដាច់ដោយឡែកពីគ្នាចាប់តាំងពីថ្ងៃទី ៣ ខែកុម្ភៈមក ក្រោយពេលអតីតអ្នកដំណើរម្នាក់ ដែលបានចុះនៅទីក្រុងហុងកុង ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ដែលអង្គការសុខភាពពិភពលោកទើបដាក់ឈ្មោះឲ្យផ្លូវការថា COVID-19។
រហូតមកដលពេលនេះ អ្នកស្លាប់ដោយសារវីរុសមរណៈខាងលើ បានកើនដល់ជាង ១.៣០០នាក់ទូទាំងពិភពលោក និងមានការឆ្លងលើស ៦០.០០០ករណី ខណៈដែលមានការព្យាបាលជាសះស្បើយបានជាង ៦.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia