ខេត្តព្រះសីហនុ ៖ លោកប្រធានក្រុមការងារគណបក្ស មូលដ្ឋានខេត្តព្រះសីហនុ បានគូស បញ្ជាក់អំពីការវិវឌ្ឍថ្មីៗនៃសភាពការណ៍លើពិភពលោក និងក្នុងតំបន់ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមរបស់កម្ពុជាផងដែរ។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ លោក សាយ សំអាល់
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន
ខេត្តព្រះសីហនុ បានចូលរួមជាអធិបតីពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស
ប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី V ជូនសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីជ្រាបនិងផ្សព្វផ្សាយបន្តដល់សមាជិកគណបក្សនៅតាមមូលដ្ឋាន។
លោកសាយ សំអាល់ បានលើកឡើងពីសមិទ្ធផលដែលគណបក្សសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលប្រកាន់ជំហរច្បាស់លាស់ដាច់ខាត គឺប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារឯករាជភាព អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍដោយមិនចុះញ៉មចំពោះការគំរាមកំហែង ការដាក់សម្ពាធ និងទណ្ឌកម្មពីខាងក្រៅឡើយ។ កម្ពុជាត្រៀមលក្ខណៈម្ចាស់ការក្នុងគ្រប់ទិដ្ឋភាពទាំងអស់ក្រោមស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីទប់ទល់ និងដោះស្រាយរាល់បញ្ហានានាដែលកើតឡើងជាយថាហេតុ។
ដោយថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតរហូតដល់ ៨៣,០២% ដែលក្នុងនោះជាង ៧០%ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស លោកសំអាល់ បានមានប្រសាសន៍ថា៖
«គណបក្សប្រជាជនកម្ពុជាបានផ្សាភ្ជាប់ខ្លួនជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ ស្មោះស្ម័គ្របម្រើប្រជាជអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ដើម្បីឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំមកខេត្តព្រះសីហនុនេះដើម្បីជួយដោះស្រាយក្តីកង្វល់របស់បងប្រជាពលរដ្ឋឱ្យអស់លទ្ធភាពព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ និងចូលរួមកសាងខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា»។
ជាមួយគ្នានេះដែរ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្តេជ្ញាលើកកម្ពស់ភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ និងលើកតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងធានារក្សាឱ្យបានក្នុងគ្រប់កាលៈទេសៈនូវសុខសន្តិភាព ការអភិវឌ្ឍ និងជាពិេសសជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ ប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការដឹកនាំយូរអង្វែងទៅមុខរបស់គណបក្ស៕ដោយ៖កូឡាប