ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១.៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០.០០០នាក់។ នេះបើតាមការផ្សាយរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកម្ពុជាសូមធ្វើការអំពាវនាវ ដល់ប្រជាជនកម្ពុជាកុំឲ្យមានការភ័យខ្លាច ហើយប្រជាជនគ្រប់រូបត្រូវបន្តអនុវត្តន៍ នូវវិធានការការពារខ្លួនសំខាន់ៗ ដោយការប្រកាន់ខ្ជាប់នូវការរស់នៅ ដោយមានអនាម័យនិងជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកជំងឺផ្លូវដង្ហើមឬអ្នកជំំងឺដែលសង្ស័យ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាង ការវាយតម្លៃទៅលើហានិភ័យនៃការឆ្លងមេរោគកូរ៉ូណា តាមរយៈអ្នកធ្វើដំណើរតាមនាវា Westerdam មានកម្រិតទាប។
លោកបញ្ជាក់ថាមានកម្រិតទាប ព្រោះភ្ញៀវទេសចរណ៍ឆ្លងធ្វើដំណើរកាត់ចិនដីគោក ហុងកុង ឬម៉ាកែវ ឬប៉ះពាល់ជាមួយករណី សង្ស័យ គឺមិនត្រូវបានអនុញ្ញាតឡើងជិះលើកប៉ាល់នោះឡើង។ ដោយក្នុងនោះទម្រង់បែបបទប្រកាស់ពីសុខភាព ដែលប្រមូលពីអ្នកដំណើរគឺ មិនត្រូវបានរកឃើញថាមានអ្នកឈឺផ្សេងទៀតទេ។
សម្រាប់ព័ត៌មានថា មានការហាមឃាត់អ្នកដំណើរដែលនៅសល់ មិនឲ្យចាក់ចេញពីនាវានោះ គឺលោកសុំបញ្ជាក់ថាគ្មានការ ហាមឃាត់អ្វីទាំងអស់ ពីព្រោះយើងត្រូវធ្វើការពិនិត្យជាក់លាក់មុនពេលអនុញ្ញាត ទាំងអ្នកដំណើរ ទាំងនាវិក។ ដោយអ្នកដំណើរ២០០នាក់ជាង នោះពួកគេអាចធ្វើការដើរកម្សាន្តបាននៅក្នុងទីក្រុងព្រះសីហនុ ប្រសិនបើត្រូវបានពិនិត្យសុខភាព ដោយហ្មត់ចត់មើលឃើញថាគ្មានបញ្ហាអ្វី៕ដោយ៖កូឡាប