ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ បិទរាល់គណនីហ្វេសប៊ុក ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្ត ចំពោះការផ្សាយឡាញលក់ផលិតផលតាមរយៈហ្វេសប៊ុក ដែលបញ្ចេញកេរ្តិ៍ខ្មាស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានការណីចាប់រំលោភ។
នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានប្រកាស គាំទ្រជាគោលការ ចំពោះសម្ដេចនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ត្រូវបិទ ចំពោះការ Live លក់ផលិតផលតាមអនឡាញណាបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី។
លោកបានបន្តឲ្យដឹងថា ករណីនេះ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន។
ជាក់ស្ដែងបច្ចុប្បន្នមានករណី នៃយកកេរ្តិ៍ខ្មាសភាពសិចស៊ីជ្រុល និយមមកធ្វើជាដើមទុនទាក់ទាញ លើអាជីវកម្មដោយគ្មាន ក្រមសីលធម៌ និងកំពុងបានពង្រីកឥទ្ធិពលឲ្យ មានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរ ដែលគួរមានវិធានការដូចខាងលើនេះយ៉ាងតឹងរ៉ឹងបំផុត ។
សូមបញ្ជាក់ថា បច្ចុប្បន្នការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ជាពិសេសផលិតផលថែរក្សាសម្រស់ ឬកែសម្ផស្សជាដើមនោះ កំពុងក្លាយទៅជាមុខរបរកាក់កបមួយ។ អ្នកលក់ផលិតផលខ្លះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទិញទំនិញនិងអីវ៉ាន់របស់ខ្លួន គឺហ៊ានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនថែមទៀតផង៕ដោយ៖កូឡាប